(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្ត បានថ្លែងប្រាប់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺគ្រុនផ្តាសាយបក្សី ដូចជា ការរឹតបន្តឹងនៅតាមច្រកទ្វានានា ជាមួយប្រទេសជិតខាងឲ្យខាងតែបាន។

ជាមួយគ្នានេះ លោក ម៉ែន វិបុល ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលកន្លងមកបានសហការ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម ផ្ដល់ជាប្រយោជន៍ឆ្លើយតបទៅនឹងសេចក្ដី ត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រូវបន្ត យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសយកចិត្តទុកដាក់ទៅលើកត្តា ភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ និងត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងការថែរក្សាទឹកទុកប្រើប្រាស់ ខណៈពេលដែលបញ្ហា អាកាសធាតុកំពុងកើនឡើងកម្តៅ។

លោកបន្តថា ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹងបំផុត ហើយរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈ ក្នុងការសហការរៀបចំពិធី សង្ក្រាន្តស្វាយរៀង ដែលនឹងចូលមកដល់នៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ ព្រមទាំងមន្ទីរអង្គភាពនានា ក្នុងខេត្តត្រូវត្រៀមលក្ខណៈរៀបចំទិវាសិទ្ធិនារី អន្តរជាតិ៨ មីនា៕