(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមមហាវិថីព្រះមុនីវង្ស (ជិតក្រសួងផែនការ) នៅផ្លូវ៦០ម៉ែត្រ និងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងទទួលបានម៉ាសដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការចែកម៉ាស់មិនគិតថ្លៃ របស់ក្រុមហ៊ុនអចលនទ្រព្យ R&F នេះ ធ្វើឡើងក្នុងគោលបំណង ជួយទប់ស្កាត់ការឆ្លងជំងឺរលាកដង្ហើមថ្មី កូរ៉ូណា ឬខូវីដ១៩ (COVID-19) ក៏ដូចជាការពារជំងឺផ្តាសាយ ការពារធូលីដី និងមេរោគផ្សេងៗ។

លោក ហ័រង ជីងលីង អ្នកគ្រប់គ្រងគម្រោងទូទៅរបស់ R & F Properties បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងជំងឺជំងឺកូរ៉ូណាថ្មី (COVID-19) ក្រុមហ៊ុន R & F បានចែកម៉ាស់ ដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។

លោកថា នេះជាការបង្ហាញពីកាតព្វកិច្ចគំរូ និងទង្វើសប្បុរសធម៌មួយ ដើម្បីចូលរួមជួយសង្គមកម្ពុជា ដើម្បីធានានូវសុវត្ថិភាព និងសុខភាពរបស់ប្រជាជនខ្មែរ និងចិន ដែលរស់នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា ការពាក់ម៉ាស់ គឺជាវិធីបង្ការដ៏មានប្រសិទ្ធភាពបំផុត ក្នុងខណៈពេលនេះ ម្យ៉ាងវិញទៀត ក៏អាចជួយបង្ការ ការឆ្លងនៃជំងឺផ្ដាសាយ និងការចម្លង មេរោគផ្សេងៗបានផងដែរ។ ប៉ុន្តែដោយសារតែការរាតត្បាត នៃជំងឺរលាកសួតនេះ បន្តរីករាលដាល ហើយស្ថានភាពកាន់តែ យ៉ាប់យ៉ឺនទៅៗទៀតនោះ ជាហេតុបណ្ដាលឲ្យម៉ាស ដែលប្រើប្រាស់សម្រាប់ការពារបានក្លាយជា ធនធានដ៏ខ្វះខាតមួយ។

ក្រុមហ៊ុន R & F បានរៀបចំស្តង់ សម្រាប់ធ្វើជាទីតាំង សម្រាប់ចែកម៉ាសនៅតាមអគារ ផ្នែកលក់លើមហាវិថី ព្រះមុនីវង្ស អាគារផ្នែកលក់នៃបុរី អ & អេហ្វ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុនសែន ហើយនិងនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕