(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអះអាងថា សម្ដេចមិនទុកមន្ដ្រីណា ដែលមានការឆ្មើងឆ្មៃ ឬក៏ប្រមាថចំពោះប្រជាពលរដ្ឋ ហើយតាំងខ្លួនជាចៅហ្វាយ របស់ប្រជាពលរដ្ឋនោះទេ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សា ដោយជោគជ័យ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមផ្ដាំផ្ញើថា..មិនអាចទុកមន្ត្រីដែលមានការឆ្មើងឆ្មៃ ឬក៏ប្រមាថចំពោះប្រជាពលរដ្ឋ ជាពិសេសការមិនស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ ហើយធ្វើជាចៅហ្វាយរបស់ប្រជាពលរដ្ឋ»

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្រូវចាំពាក្យចាស់ លោកពោលថា «ឱនដាក់គ្រាប់ ងើយ ស្កក» រឿងនេះគឺអត់ខុសទេ ពាក្យចាស់លោកពោលបែបនេះ គឺត្រឹមត្រូវខ្លាំងណាស់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ភាពឆ្មើងឆ្មៃ មិនត្រូវទទួលបានការស្វាគមន៍ណាមួយពីសំណាក់ប្រជាជននោះទេ ប៉ុន្ដែនៅពេលដែលមន្ដ្រី មានភាពទន់ភ្លន់ ឱនលំទោនចំពោះប្រជាពលរដ្ឋ ត្រូវបានទទួលនូវការសណ្ដោស និងការស្រលាញ់រាប់អានពីប្រជាពលរដ្ឋ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកទៅដល់មន្ត្រីថា ពេលនៅឲ្យប្រជាពលរដ្ឋស្រឡាញ់ និងពេលចេញត្រូវឲ្យប្រជាពលរដ្ឋនឹក។

សម្ដេចតេជោ បានថ្លែងថា នៅកន្លែងខ្លះ ចៅហ្វាយស្រុកខ្លះ ពេលដែលនៅ គឺប្រជាជនស្រលាញ់ពេលដែលផ្លាស់ចេញប្រជាជនគាត់នឹក ប៉ុន្ដែមានចៅហ្វាយស្រុកខ្លះ ពេលដែលនៅគឺប្រជាជនស្អប់ ពេលដែលចេញទៅគឺប្រជាជនចង់ឲ្យចេញទៅកាន់តែលឿន។

បន្ថែមពីនោះទៀត សម្ដេចតេជោបានលើកឡើងថា កន្លែងណា ដែលមានការលំបាក គឺត្រូវមានវត្ដមានរបស់មន្ត្រី នៅទីនោះជាចាំបាច់ ព្រោះថានេះជាភារកិច្ច ដែលមន្ដ្រីត្រូវធ្វើ មិនអាចមើលរំលង ពីបញ្ហានេះបានទេ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កុំតាំងខ្លួនជាមន្ត្រីជើង១០ឲ្យសោះ គឺត្រូវធ្វើជាមន្ត្រីជើង២ បើសិនជាធ្វើមន្ដ្រីជើង១០ អស់លោក លោកស្រី គ្មានការងារធ្វើនោះទេ ហើយអស់លោក លោកស្រី នឹងក្លាយទៅជាមន្ដ្រីដែលឯកោនិយម។ ហើយមន្ត្រីត្រូវរត់រកការងារធ្វើ មិនត្រូវឲ្យការងាររត់មករកនោះទេ៕