(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកទេសចរទាំងអស់ដែលបានស្នាក់នៅលើនាវា Westerdam បានចាកចេញពីប្រទេសកម្ពុជាអស់ហើយ និងមិនមានបន្សល់ទុកជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគ Covid-19 នៅកម្ពុជានោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានធ្វើកិច្ចការដ៏ល្អចំពោះនាវា Westerdam ពីកិច្ចការមនុស្សធម៌របស់យើង។ ទេសចរទាំងអស់ បានចេញពីប្រទេសកម្ពុជាប៉ុន្មានថ្ងៃហើយ មិនបន្សល់ទុកជំងឺណាមួយ នៅកម្ពុជានេះទេ»

លើសពីនេះទៅទៀត សម្តេចតេជោ បានច្រានចោលនឹងព័ត៌មានអកុសលមួយចំនួន ដែលបានផ្សព្វផ្សាយថា សម្តេចបានឆ្លងមេរោគ Covid-19។ សម្តេចបញ្ជាក់ថា «ជំងឺវាមិនឆ្លងមកខ្ញុំឯណា បើខ្ញុំឆ្លងជំងឺ តើនិយាយអញ្ចឹងបានឬអី»?

ស្របពេលជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការរកមិនឃើញមេរោគ Covid-19 លើស្រ្តីជនជាតិអាមេរិកម្នាក់ នៅប្រទេសម៉ាឡេស៉ី គឺជាការផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។ សម្តេចថ្លែងថា «អ្វីដែលយើងអបអរសាទរជាមួយនឹងការដែលគេមិនអាចរកឃើញនូវ Covid-19 នៅឯគូឡាឡាំពួរ ទៅទៀត។ នោះជាការផ្តល់យុត្តិធម៌សម្រាប់កម្ពុជា, កម្ពុជាអត់មានត្រូវការអ្វីទេ តែកម្ពុជាក៏មិនត្រូវឲ្យគេ ទុកឲ្យគេរើសអើង និងទទួលការប្រមាថទេ»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ពេលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 មិនមែនជាពេលធ្វើការរើសអើងគ្នានោះទេ ប៉ុន្តែជាពេលវេលានៃកិច្ចសហប្រតិបត្តិការ និងធ្វើការជាមួយគ្នា។ បើសិនជាគេរកឃើញ អ្នកឆ្លងមេរោគនេះនៅកន្លែងណា ត្រូវព្យាបាលគេឲ្យជានៅកន្លែងនោះ ហើយចាំឲ្យចាកចេញទៅប្រទេសកំណើតវិញ។

សម្តេចបន្តថា វាជាអកុសលសម្រាប់តំបន់របស់យើង ហើយសម្រាប់ពិភពលោកផងដែរ ប្រសិនបើបែកខ្ញែកគ្នា និងរើសអើងគ្នា រហូតដល់មិនហ៊ានសូម្បីតែចាប់ដៃគ្នា។ សម្តេចរំលឹកថា នៅកម្ពុជាសម្តេចធ្លាប់ឃើញមានកន្លែងមួយប្រជុំពាក់ម៉ាសទាំងអស់គ្នា ដែលនេះប្រៀបដូចជាការបញ្ជូនសារភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយ ដោយអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។ នាវានេះដឹកមនុស្សសរុបជាង ២០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកមេរោគ Covid-19។

សម្រាប់នៅកម្ពុជាវិញ មិនត្រឹមតែអនុញ្ញាតឲ្យនាវានេះចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។ កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។

ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ។

ទោះបីយ៉ាងណា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ស្តីពីករណីអាជ្ញាធរម៉ាឡេស៉ី រកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំង ផ្ទុកមេរោគ Covid-19 ដែលបានចាកចេញពីនាវា Westerdam ដែលបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ។ ករណីនេះក្រសួងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៉ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹត។

រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្រ្តីជនជាតិអាមេរិកាំងរូបនោះ ត្រូវបានម៉ាឡេស៉ីចេញមកប្រកាសម្តងទៀតថា ពុំមានផ្ទុកមេរោគ Covid-19 ទេ។ បន្ថែមលើនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បានបញ្ជាក់ច្បាស់លាស់ថា អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរ Westerdam គឺត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ Covid-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជាក់ការពិតថា «ស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ មិនមានផ្ទុកមេរោគ Covid-19»។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកថា ដំណឹងនេះប្រៀបដូចជាការផ្តល់យុត្តិធម៌ដ៏ល្អមួយ សម្រាប់កម្ពុជាផងដែរ៕