(បន្ទាយមានជ័យ)៖ លោក អ៊ុំ រា​ត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ផ្ទាល់​ពិនិត្យ​​មើល​​ទីតាំង សួន​​បន្លែ​ធម្មជាតិ​​ដោយ​មិន​ប្រើ​ជាតិ​គីមី​របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​បាន​សរសើ​បន្លែ​ធម្មជាតិ​បាន​ផល​ល្អនៅ​សួ​នច្បារ ​ ដែល​មាន​ដាំ​បន្លែ​ជា​ច្រើន​មុខ។ ការ​សរសើរ​នេះ គ្រា​ដែលលោកបានចូល​រួម​បើក​សម្ពោធ​គម្រោងរថយន្ត​ក្រុង​ពី​ម៉ាឡៃ–ប៉ោយប៉ែត កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ។

នៅ​លើសួ​នច្បារ​ដែល​គ្រប​ដណ្ដប់ផ្ទៃដីជា​ង១០០០​ហិតា របស់ «ឆាយណា ​ប៉ោយប៉ែត​ស៊ែតថឺឡាយ ស៊ីធី» មាន​ដាំដូច​ជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ឆៃថាវ ត្រកួន ស្ពៃ ដើម​ល្មើ និងបន្លែ សម្រាប់​ប្រជាពលរដ្ឋ​ហូប​ជា​ច្រើន​មុខ​ទៀត។ ក្រៅ​ពី​នោះលើ​ផ្លូវត្រូវ​បាន​ក្រុមហ៊ុនរៀប​ចំ​​ឲ្យ​មាន​ភ្លើង​ពណ៌ថែម​ទៀត​ផង បច្ចុប្បន្ន​គឺ​ជារមណីយដ្ឋាន​ថ្មី​មួយ សម្រាប់ប្រជាពលរដ្ឋ​ទៅទស្សនាជា​រៀង​រាល់​ថ្ងៃ។

តាម​ការ​បញ្ជាក់ពី​លោក ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ការ​ដាំ​បន្លែ​ផ្លែ​ឈើ​នោះ គឺ​​លោក​បាន​ជួល​អ្នក​ជំនាញ​​ខាង​កសិកម្ម​មក​ដាំ ហើយ​ការ​ដាំ​​នោះ​ទៀត​សោត គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​​​ពិសោធលើ​ដីតំបន់​នោះ​ដាំ​ទៅ​ទទួល​ផល​បែប​ណា​ប៉ុណ្ណោះ ។ ក្រោយ​ពីការ​ធ្វើ​តេសមក​ឃើញ​ថា ទីតាំងនោះគឺ​ជា​ដីដែល​មាន​ជីជាតិ​បំផុត ដាំ​អ្វី​ក៏​កើត​ដែរ ដូច​នេះគឺ​វា​ត្រូវ​នឹងគម្រោង​ដែល​លោកឧកញ៉ា គ្រោង​នឹង​បើក​ផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិរបស់​​កសិករ​ខ្មែរ នា​ពេល​ខាង​មុខ​នេះ​តែ​ម្ដង។

តាម​ផែន​ការ «ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា» មាន​រហូត​ដល់​ទៅ​២៥០​សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហាន​ដំបូងគឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ និងខេត្តសៀមរាប ក្នុងនោះ​ស្ទើរ​គ្រប់បុរី ក៏​ដូច​ជាទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន «ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រប់​ទីកន្លែង នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោក ឧកញ៉ា។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញតាម​​អន​ឡាញ ឬតាម​លេខ​ទូសព្ទ ដោយ​គ្រាន់​តែលោក​អ្នក​ខល​មក ឬកុម្មង​តាម អែប ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬត្រី​សាច់​ តែលោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង។

នៅ​ថ្ងៃ​ទី​១៥ ខែមិនា ឆ្នាំ ២០២០ «ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រោង​នឹង​បើក​ដំណើរ​ការ​សាក​ល្បង ដែល​តាំង​​ផ្សារគឺ​នៅ​កណ្ដាល​ផ្សារទំនើប Olympia តែ​ម្ដង៕