(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញលើកទឹកចិត្តឱ្យក្រុមយុវជនស្រលាញ់សន្តិភាព ក៏ដូចជាដៃគូសហការដទៃទៀត ចូលរួមបំផុសចលនាទេសចរក្នុងស្រុកកាន់តែមានសកម្មភាពខ្លាំងឡើង ស្របតាមអនុសាសន៍ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការជំរុញលើកទឹកចិត្តបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលជួបប្រតិភូយុវជនស្រលាញ់សន្តិភាព ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយកប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្នុងកិច្ចជំនួបនោះ ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាពបានបង្ហាញពីស្មារតីឆន្ទៈ ក្នុងការចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិយ៉ាងខ្លាំង ដោយស្ម័គ្រចិត្តចូលរួមជាតួអង្គជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ សំដៅជំរុញឱ្យមានកំណើនទេសចរនៅក្នុងប្រទេសកម្ពុជា។

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ក្រៅពីស្រលាញ់សន្តិភាព ចូលរួមរក្សាឱ្យបាននូវសុខសន្តិភាព ការពារគាំទ្រអ្នកបង្កើតឱ្យមានសន្តិភាព សម្ពន្ធយុវជនស្រលាញ់សន្តិភាពក៏បានចូលរួមសកម្មភាពជាច្រើនតាមវិស័យនានា ក្នុងនោះក៏បានចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងជំរុញឱ្យមានចលនាទេសចរទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនមកហើយដែរ។

លោកថា តទៅមុខ សម្ពន្ធយុវជនស្រលាញ់សន្តិភាពនឹងពង្រីកសមាជិកឱ្យកាន់តែច្រើននៅទូទាំងប្រទេស ដើម្បីពង្រីកសកម្មភាពជួយសង្គម និងពង្រីកការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ដោយទទួលបានការអះអាងយ៉ាងដូច្នេះហើយ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវការងារចាំបាច់មួយចំនួន សម្រាប់ឱ្យសមាជិកសម្ពន្ធយុវជនស្រលាញ់សន្តិភាពជួយបញ្ចេញសាច់ដុំ ក្នុងនោះលោកបានស្នើក្រុមយុវជនជួយបំផុសឱ្យមានចលនាទេសចរក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយស្រោចស្រង់កំណើនទេសចរឡើងវិញ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជំងឺ Covid-19 ដែលនាំឱ្យចំនួនភ្ញៀវទេសចរបរទេសមកកាន់កម្ពុជាមានការធ្លាក់ចុះ។

លោក ថោង ខុន ក៏បានលើកពីមតិយោបល់មួយទៅកាន់ប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាព នោះគឺការរៀបចំកម្មវិធីផ្សព្វផ្សាយពីរមណីយដ្ឋានទេសចរណ៍នានានៅក្នុងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់បានឃើញតាមរយៈការផ្សព្វផ្សាយ សំដៅបំផុសតទឹកចិត្ត និងលើកទឹកចិត្តឱ្យពួកគាត់ចាប់អារម្មណ៍ទៅលេងកម្សាន្ត ខណៈដែលលោក ប៉ាន់ខែម ប៊ុនថន និងក្រុមសម្ពន្ធយុវជនរបស់ខ្លួន ក៏ធ្លាប់មានបទពិសោធន៍ក្នុងការអនុវត្តការងារនេះ។

លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ក្រៅពីតំបន់គោលដៅទេសចរណ៍នានានៅក្នុងប្រទេស គោលដៅសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញឱ្យមានចលនាទេសចរទៅកាន់ខេត្តសៀមរាប ដែលកំពុងរងនូវការធ្លាក់ចុះភ្ញៀវទេសចរបរទេស ក្នុងនោះរាជរដ្ឋាភិបាលនឹងរៀបចំព្រឹត្តិការណ៍ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតនៅទីនោះ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុងខិតខំផ្សព្វផ្សាយថា «កម្ពុជានៅតែគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ គ្មានការភ័យព្រួយនឹងបញ្ហាជំងឺ Covid-19 នោះឡើយ»។

លោក ប៉ាន់ខែម ប៊ុនថន និងប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ចំពោះកិច្ចការទាំងឡាយ ដែលលោករដ្ឋមន្ត្រី ថោង ខុន បានណែនាំ ដើម្បីរួមគ្នាជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស លើកស្ទួយវិស័យទេសចរណ៍ជាតិ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បិតានៃសុខសន្តិភាព៕