(កំពត)៖ ប្រជាពលរដ្ឋជិត៧ពាន់នាក់ រស់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន ស.ស.យ​.ក ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ជាង៦០០នាក់ ចុះពិនិត្យ និងព្យាបាលជូនដល់ពួកគាត់ ដោយមិនគិតថ្លៃ ដែលជាអំណោយដ៏ប្រពៃសម្រាប់ប្រជាជនក្នុងខេត្តកំពតទាំងមូល។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពេលដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៦៣៣នាក់ ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បន្តចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃចំនួន៦,៨៧៩នាក់ នៅវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានការសហការពីលោក ជាវ តាយ រួមជាមួយនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានអំពាវនាវប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចទាំងអស់ បន្តថែរក្សាសុខភាពឱ្យបានល្អ ដោយកើតចេញពីហូបស្អាត និងរស់នៅស្អាត ហើយកត្តាទាំងអស់នឹងធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពប្រសើរច្រើន។

លោកអភិបាលខេត្តបន្តទៀតថា ដើម្បីបង្ការជំងឺគ្រុនឈាម ក៏ដោយសារបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបំបាត់ជម្រកមូស និងការការពារកុំឲ្យមូសខាំ តែបើសង្ស័យមានករណីជំងឺនេះកើតឡើងហើយ ត្រូវតែបញ្ជូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ដែលជិតផ្ទះបងប្អូនប្រជាពលរដ្ឋបំផុត ដើម្បឲ្យក្រុមគ្រូពេទ្យពិនិត្យមើលរោគសញ្ញាឲ្យបានច្បាស់លាស់។

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។

លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក្នុងរយៈពេល៨៦ខែ ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេល៨ឆ្នាំឈានចូលឆ្នាំទី៩ ដែលគិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២១៨លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥ នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកថ្នាំ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៥៣០,០៦៤នាក់ (ហាសិបបីម៉ឺនសូន្យពាន់សូន្យរយហុកសិបបួននាក់) ក្នុងនោះស្ត្រីមានចំនួន៣៥៦,៤៥៨នាក់ (សាមសិបប្រាំម៉ឺនប្រាំមួយពាន់បួនរយហាសិបប្រាំបីនាក់)។

លោកបន្ថែមទៀតថា បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ២៧១នាក់, ជំងឺស្រ្តី២០៧នាក់, ជំងឺផ្លូវចិត្ត១២៩នាក់, ជំងឺឫសដូងបាត១៤២នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៧២នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក៨៧នាក់, ជំងឺភ្នែក៩៥នាក់, ជំងឺសើរស្បែក៨៦នាក់, ជំងឺទឹកនោមផ្អែ៣៦៧នាក់, ជំងឺមាត់ធ្មេញ២៤៤នាក់, អេកូសាស្ត្រ១៨២នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៦៣នាក់, វាស់ចង្វាក់បេះដូង២១៣នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់២០៩នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍២៩៩នាក់, ព្យាបាលរបួសនិងវះកាត់តូច៧៩នាក់ និងជំងឺទូទៅ៤,០៣៥នាក់។

លោក នឿន កុសល ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា រូបគាត់ពិតជាសប្បាយចិត្តពន់ពេក ដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជាអំណោយថ្នាំពេទ្យដោយមិនគិតថ្លៃទៀត នេះជារឿងដ៏ល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់រួមទាំងរូបខ្ញុំផ្ទាល់ផងដែរ។

ប្រជាពលរដ្ឋម្នាក់នោះ ក៏បានបន្តទៀតថា «ខ្ញុំសូមសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដោយម្នាក់ៗសុទ្ធតែមានជំនាញច្បាស់លាស់ រួមនឹងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយអាចឆាប់រកមុខជំងឺរបស់ខ្ញុំបានលឿនទៀតផង។ ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យទាំងអស់ឧស្សាហ៍ចុះមកបន្តិច ព្រោះការដែលគាត់ចុះមកនេះ គឺចំណេញខ្លាំងណាស់ដល់ពលរដ្ឋ និងខ្ញុំ ដោយមិនអស់លុយ និងចំណេញពេលវេលាថែមទៀត»

ពលរដ្ឋម្នាក់ទៀតឈ្មោះ ឌឹម ដែន រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានលើកឡើងស្រដៀងគ្នានឹងលោក នឿន កុសល ដែលថា រូបគាត់ពិតជាមានការថ្លែងអំណរគុណជាខ្លាំងដែលលោក ហ៊ុន ម៉ានី បានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យ និងព្យាបាលជូនរូបគាត់ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតផងដែរ។

លោក ដែន ក៏បានស្នើដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ទាំងអស់ឲ្យឧស្សាហ៍ចុះមកស្រុកកំពង់ត្រាច ខេត្តកំពត ទៀត ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដទៃទៀត ដែលកំពុងមានជំងឺប្រចាំកាយផងដែរ៕