(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសច្រានចូលចំពោះសេចក្តីថ្លែងការណ៍ និងការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ដែលបានវាយប្រហារលើទឹកចិត្តសម្បុរសធម៌ និងបង្ខូចកិត្តិយសកម្ពុជា ចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

ប្រតិកម្មក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេសមួយចំនួន បានផ្សព្វផ្សាយញុះញង់ថា ប្រទេសកម្ពុជាប្រហែលបានអនុញ្ញាតឱ្យអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ដែលការអនុញ្ញាតនេះ បង្កើនការរីករាលដាលវីរុសកូរ៉ូណាជាសកល។

សេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យ ក្រសួងការបរទេស បានបញញជាក់ថា៖ «អត្ថបទ និងសេចក្តីថ្លែងការណ៍មានលក្ខណៈប្រញាប់ប្រញាល់ គ្មានការយកចិត្តទុកដាក់ គ្មានវិជ្ជាជីវៈ និង មានការចោទប្រកាន់បែបនេះ បានជំរុញឱ្យមានការភ័យខ្លាច និងការភាន់ច្រលំដែលមិនគួរកើតមាន ក្នុងចំណោមសាធារណជន ពាក់ព័ន្ធទៅនឹងការរីករាលដាលនៃវីរុស COVID-19 ដែលបណ្តាលឱ្យមានការរើសអើងចំពោះអ្នកដំណើរនៃនាវា Westerdam និងមានចេតនាទុច្ចរិតមិនឱ្យតម្លៃទៅលើកាយវិការមនុស្សធម៌ និងសមត្ថភាពផ្នែកសុខាភិបាលរបស់ប្រទេសកម្ពុជា»

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នាវានេះដឹកមនុស្សជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាលកម្ពុជា សហការជាមួយអង្គការសុខភាពពិភពលោក អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។

ទោះជាយ៉ាងនេះក្តី ក្នុងដំណើរវិលត្រឡប់ទៅកាន់ប្រទេស ក្នុងចំណោមអ្នកដំណើរ១៤៥នាក់ ដែលចាកចេញពីកម្ពុជានៅជើងទី៣ ដែលត្រូវឆ្លងកាត់ម៉ាឡេស៊ីនោះ ក្រសួងសុខាភិបាលប្រទេសនេះ បានប្រកាសថា ខ្លួនបានរកឃើញវីរុសកូរ៉ូណាថ្មីនៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងម្នាក់ វ័យ៨៣ឆ្នាំ ដែលបានចូលកម្ពុជាតាមនាវា Westerdam។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធករណីស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលកាលពីមុននេះត្រូវបានគេធ្វើតេស្តរកមេរោគ COVID-19 ឃើញវិជ្ជមាន នៅប្រទេសម៉ាឡេស៊ី ត្រូវបានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ជាអាជ្ញាធរសុខភាពដែលមានការទទួលស្គាល់ជាសាកល បានបដិសេធលទ្ធផលនៃការធ្វើតេស្តនោះ និងបានបញ្ជាក់តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ដែលបានលើកឡើងថា «ខ្ញុំសូមធ្វើការអះអាងថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត នឹងរកឃើញថាមានលទ្ធផល អវិជ្ជមាន រួមទាំងស្រ្តីវ័យ៨៣ឆ្នាំនោះផងដែរ»

លើសពីនេះទៀត ស្របគ្នាជាមួយការរកឃើញរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកដែរ គណៈកម្មាធិការនាយកផ្នែកការពារ សុខភាពរបស់អូស្រ្តាលី (AHPPC) បានធ្វើការសម្រេចចិត្ត កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ ដកចេញនូវការកំហិតឲ្យអ្នកដំណើរចេញពីកប៉ាល់ Westerdam ដោយមិនចាំបាច់ស្ថិតនៅដាច់ដោយឡែកពីគេឯង រយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យរក COVID-19 នៅពេលត្រឡប់មកដល់ប្រទេសអូស្ត្រាលី វិញនោះទេ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកដំណើរលើនាវានោះ អាចធ្វើដំណើរដោយសុវត្ថិភាព ទៅកាន់គោលដៅប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនវិញ។ កាយវិការរបស់កម្ពុជាបែបនេះ កើតឡើងដោយសារក្តីអាណិតអាសូរ និងមនសិការមនុស្សជាតិ ការជឿជាក់យ៉ាងជ្រាលជ្រៅទៅលើគុណតម្លៃនៃសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិ ប៉ុន្តែបន្ថែមលើនេះ កម្ពុជាក៏ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រទៀតផង។

សូមបញ្ជាក់ថា ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យនាវា Westerdam ដែលវិលវល់កណ្តាលសមុទ្រអស់រយៈពេលជិត២សប្តាហ៍នោះ ត្រូវបានទទួលការគោរព និងកោតសរសើរយ៉ាងខ្លាំងដោយប្រទេស និងស្ថាប័នបរទេសជាច្រើននៅលើពិភពលោក។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក, ម្ចាស់ក្រុមហ៊ុននាវា Westerdam រួមទាំងអ្នកដំណើរតាមនាវានេះ ៤១សញ្ជាតិ សុទ្ធតែបានកោតសរសើរ និងថ្លែងអំណរគុណកម្ពុជា ហ៊ានសម្រេចចិត្តដោយលំបាក ជួយដល់ពួកគេតាមរយៈការអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្នុងប្រទេសរបស់ខ្លួន ហើយអ្នកខ្លះក៏បានផ្សព្វផ្សាយតាមបណ្តាញសង្គមយ៉ាងទូលំទូលាយថា «កម្ពុជាតូចពិត តែទឹកចិត្តទូលាយ» ផងដែរ៕