(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ាក ហ៊ឺង ខ្យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យ ដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) តាមរយៈអង្គការសហប្រតិបត្តិការ ព្រៃឈើអាស៊ាន (Asian Forest Cooperation Organization, AFoCO)។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តយសជាច្រើនរួមមានបណ្ឌិត កូ គីយ័ន អគ្គនាយកនៃស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ លោក ចិនចូ ណ័រប៊ូ នាយកប្រតិបត្តិ AFoCO បណ្ឌិត ហ៊ីយុន ជុន រ៉ូ នាយកទីភ្នាក់ងារសហប្រតិបត្តិ្កការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) និងឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ថ្នាក់ដឹកនាំវិទ្យាស្ថាន និងមន្រ្តីជាច្រើនរូបទៀត។

លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីលទ្ធផលសំខាន់ៗដែលវិទ្យស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃសម្រេចបាន កិច្ចសហប្រតិបត្តិការជាមួយ KFS និង AFoCO និងជាពិសេសសាវតានៃជំនួយរថយន្តអគ្គិភ័យពន្លត់ភ្លើងឆេះព្រៃ។

លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាលកូរ៉េ និងមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ (Korea-Mekong Forest Cooperation Center) និងអង្គការ AFoCO ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយ ចិត្តរៀបចំ និងផ្តល់អំណោយជារថយន្តពន្លត់អគ្គីភ័យ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ មហន្តរាយភ្លើងឆេះព្រៃ និងចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ ការស្តារ និងអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តភាព សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ជាពិសេសប្រជាជនកម្ពុជាជារួម និងដោយឡែកប្រជាសហគមន៍ព្រៃឈើទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ សកម្មភាពនេះ គឺជាការផ្តួចផ្តើមកិច្ចសហប្រតិបតិ្តការ វិស័យព្រៃឈើតាមរយៈអង្គការ AFoCO និងមជ្ឈមណ្ឌលសហប្រតិបត្តិការ ព្រៃឈើកូរ៉-មេគង្គ ដែលជាយន្តការចាំបាច់ សម្រាប់ការងារវិស័យព្រៃឈើកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា ព្រៃឈើជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ដែលបាននិងកំពុងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រក និងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។

លោកបានគត់សម្គាល់ថា នៅក្នុងរយ:ពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កំណើនប្រជាជន ចរន្តនគរូបនីយកម្ម វិបុលកម្មកសិកម្ម ការអភិវឌ្ឍវិស័យដឹកជញ្ជូន ថាមពល និងវិស័យដទៃទៀត រួមជាមួយនឹងការប្រែប្រួលអាកាសធាតុ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ កសិកម្ម បំពុលបរិស្ថានដោយសារផ្សែងភ្លើងឆេះព្រៃ ការឡើងកំដៅលើភពផែនដី ប៉ះពាល់ដល់ជីវិតមនុស្ស សត្វ ផ្ទះសម្បែង ជាពិសេសសហគមន៍ព្រៃឈើផ្ទាល់តែម្តង។

យោងតាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើបានឱ្យដឹងថា ភ្លើងឆេះព្រៃបានកើតឡើងជារៀងរាល់ឆ្នាំ នៅក្នុងរដូវប្រាំងនៅតាមបណ្តាខេត្តទូទាំង ប្រទេសទាំងព្រៃឈើដាំ និងព្រៃឈើធម្មជាតិ ដែលបានបំផ្លាញធនធានព្រៃឈើកម្ពុជាជារៀងរាល់ឆ្នាំ។ ដូច្នេះ ការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើឱ្យបានគង់វង្សចីរភាព និងនិរន្តរភាពតាមរយៈប្រើគ្រប់មធ្យោបាយ វិធានការ ឬវិធីសាស្រ្តផ្សេងៗ ជាការឆ្លើយតបទៅនឹងយុទ្ធ សាស្ត្រអភិវឌ្ឍវិស័យព្រៃ ឈើកម្ពុជា ក៏ដូចជារបស់អង្គការ AFoCO ផងដែរ និងជាពិសេសការការពារភ្លើងឆេះព្រៃតាមគ្រប់រូបភាព គឺជាកម្មវត្ថុដ៏សំខាន់នៃពិធីនេះ ហើយវាជាសក្ខីភាពបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ KFS និង AFoCO ក្នុងការចូលរួមទប់ស្កាត់វិបត្តិភ្លើងឆេះព្រៃ ការពារមហន្តរាយព្រៃ ឈើ កាត់បន្ថយការបំភាយឧស្ម័នកាបូនិច ទប់ស្កាត់នូវការឡើងកំដៅលើភពផែនដី ដែលផលប៉ះពាល់អវិជ្ជមានទាំងអស់នេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ជាថ្មីម្តងទៀត តាមរយៈរថយន្តពន្លត់ភ្លើងឆេះព្រៃនេះ លោករដ្ឋមន្ត្រីសង្ឈឹម និងជឿជាក់យ៉ាងមុតមាំថា មធ្យោបាយនេះនឹងផ្តល់អត្ថប្រយោជន៍ ដោយផ្ទាល់ដល់អង្គភាពគ្រប់គ្រងព្រៃឈើ នៅថ្នាក់មូលដ្ឋាន និងផ្តល់ផងដែរឲ្យកម្ពុជានូវបច្ចេកវិទ្យា និងបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់ការងារទប់ស្កាត់ និងកាត់បន្ថយភ្លើងឆេះព្រៃ ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរពាក់ព័ន្ធ និងសហគមន៍ព្រៃឈើ ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ ថែរក្សារថយន្តនេះឱ្យមានប្រសិទ្ធភាព ចំគោលដៅ និងគង់វង្សបានយូអង្វែង៕