(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា នគរបាលអន្តោប្រវេសន៍គ្រប់ច្រកទាំងអស់ នៅតែបន្តសហការគ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួងសុខាភិបាល ក្នុងការត្រួតពិនិត្យភ្ញៀវទេសចរ ដើម្បីស្វែងរកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 ហើយរហូតមកដល់ពេលនេះ ពុំមានករណីសង្ស័យថា ភ្ញៀវណាម្នាក់មានរោគសញ្ញាមេរោគនេះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តថវិកាកម្មវិធី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា នគរបាលច្រកអន្តរជាតិទាំងផ្លូវគោក អាកាស និងទឹក ត្រូវបានសហការគ្នា ជាមួយមន្រ្តីក្រសួងសុខាភិបាលគ្រប់ពេលវេលា ក្នុងការទប់ស្កាត់ និងត្រួតពិនិត្យ រាល់មនុស្សចេញចូលទាំងអស់ ដើម្បីស្វែងរកមេរោគកូរ៉ូណាថ្មី ខណៈមេរោគដ៏កាចសាហាវមួយនេះ បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅលើពិភពលោក ជាពិសេសគឺប្រទេសចិននោះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ក្រោយពិភពលោកផ្ទុះនូវមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះបានធ្វើឲ្យភ្ញៀវទេសចរ នៅតាមច្រកមួយចំនួន មានការធ្លាក់ចុះតិចតួច ដោយសារតែជើងហោះហើរខ្លះត្រូវបានផ្អាក និងពន្យាពេលនោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ប្រទេសកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មេរោគកូរ៉ូណា ឬ Covid-19 បានសម្លាប់មនុស្សរាប់ពាន់នាក់ នៅប្រទេសចិន និងតាមបណ្តាប្រទេសមួយចំនួនទៀត នៅលើពិភពលោក ហើយបានកំពុងឆ្លងជាបន្តបន្ទាប់រហូតដល់ជាងប្រាំពីរម៉ឺននាក់ នៅលើសកលោកនេះ ខណៈនៅប្រទេសកម្ពុជា គ្មានករណីនេះនោះទេ ប៉ុន្ដែក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនៅបន្ដយកចិត្ដទុកដាក់ដើម្បីទប់ស្កាត់មេរោគនេះ៕