(ភ្នំពេញ)៖ មេសហភាពសហជីពដ៏ធំមួយនៅកម្ពុជា បានថ្លែងអំណរគុណ និងអបអរសាទរ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសជួយសម្រាលបន្ទុកបងប្អូនកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ ខណៈពេលនៅតាមបណ្ដារោងចក្រ សហគ្រាសមួយចំនួន ជួបបញ្ហាចង្វាក់ផលិតកម្ម ប្រឈមនឹងការខ្វះវត្ថុធាតុដើម។

លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា (Y.P.C.W.R.C) តំណាងឲ្យកម្មករជាង ៦ម៉ឺននាក់ បានលើកឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសក្នុងពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថានការណ៍ចុងក្រោយ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈថា រោងចក្រទាំងឡាយណា ដែលត្រូវបិទទ្វារមួយរយៈ ដោយសារអស់វត្ថុធាតុដើម ត្រូវបង់ប្រាក់ ៤០ភាគរយ នៃប្រាក់ខែអប្បបរមា ១៩០ដុល្លារជូនកម្មករ ហើយរាជរដ្ឋាភិបាលនឹងជួយចេញបន្ថែម ២០ភាគរយទៀត ជូនកម្មករ ដូច្នេះបងប្អូនកម្មករនឹងទទួលបានប្រាក់សរុប ៦០ភាគរយ។

ប្រធានសហជីពរូបនេះ ក៏សូមថ្លែងកោតសរសើរដល់សម្តេចតេជោ ដែលបានប្រកាសថា រាជរដ្ឋាភិបាល នឹងធានារកការងារជូនក្មួយៗកម្មករ-កម្មការិនី ប្រសិនបើជួបប្រទះនូវបញ្ហាបាត់បង់ការងារ។ ក្នុងករណីដែលក្មួយៗ មិនចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាស ក្នុងការបង្កើនការងាររបស់ខ្លួន ក្មួយៗអាចចូលរួម និងទទួលការបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួងពាក់ព័ន្ធ ដោយទទួលបានប្រាក់យ៉ាងសមរម្យ។

លោក ឡុង សុផាត លើកឡើងថា ការដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ គឺជាការរួមចំណែកជួយសម្រាលបន្ទុកចំណាយផ្សេងៗ របស់បងប្អូនកម្មករ-កម្មការិនី និយោជិតបានមួយកម្រិតថែមទៀត ខណៈតាមបណ្តារោងចក្រ សហគ្រាសជួបប្រទះការខ្វះខាតវត្ថុធាតុដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់នានា ដើម្បីជួយដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ ដែលទទួលផលប៉ះពាល់ ដោយការខ្វះខាតវត្ថុធាតុដើមសម្រាប់ផលិត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់រោងចក្រ សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយខ្វះខាតវត្ថុធាតុដើមរោងចក្រ សហគ្រាស ត្រូវចេញប្រាក់ខែចំនួន ៤០ភាគរយ នៃប្រាក់ខែអប្បរមារបស់កម្មករនិយោជិត ដែលមានចំនួន ១៩០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០ភាគរយ នៃប្រាក់ខែអប្បរមាបន្ថែម សរុប៦០ភាគរយ នៃប្រាក់ខែអប្បបរមា ដែលប្រហែលជា ១២០ដុល្លារក្នុង១ខែ។ ដើម្បីបានទទួលនៅការឧបត្ថម្ភនេះ ក្មួយៗជាកម្មករ និយោជិត ត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ រវាងពី១ទៅ២សប្តាហ៍ ដែលរៀបចដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺ COVID-19 ផលប៉ះពាល់ដល់ផ្នែកសំខាន់ៗរបស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ គឺទី១៖ វិស័យទេសចរណ៍ និងទី២៖ វិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម។

ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ចំពោះវិស័យទាំង២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនឱបដៃនៅស្ងៀម មើលសហគ្រាស និងក្រុមហ៊ុនរងគ្រោះនូវផលប៉ះពាល់ កម្មករ និយោជិតមួយចំនួនបាត់បង់ការងារ ហើយកំណើនសេដ្ឋកិច្ចថមថយចុះ ដែលអាចបង្កជាហានិភ័យ ដល់សង្គមជាតិទាំងមូលនោះឡើយ៕