(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី នៃគណៈកម្មាធិការសិទ្ធិមនុស្ស និងអន្តរក្រសួង ដែលបានសរសេររបាយការណ៍ពីសិទ្ធិមនុស្សរបស់កម្ពុជា ដាក់ជូនអង្គការសហប្រជាជាតិទាន់ពេលវេលា។

ការវាយតម្លៃខ្ពស់បែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមការងារអន្តរក្រសួងផ្សព្វផ្សាយសារាចរ ស្តីពី «ការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះដែរ លោក កែវ រ៉េមី បានថ្លែងថា ទាក់ទងការធ្វើរបាយការណ៍ឆ្លើយតបនៃអនុសញ្ញាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការដឹកនាំ របស់ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកក៏បានថ្លែងអំណរគុណដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានធ្វើកិច្ចការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានទាន់ពេលវេលា ដែលធ្វើឱ្យមានភាពល្អប្រសើរយ៉ាងខ្លាំង សម្រាប់មុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

ទោះបីទទួលបានភាពជោគជ័យលើការសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ក៏បានបង្ហាញពីការលំបាកផងដែរ ចំពោះការសរសររបាយការណ៍នេះ ដើម្បីដាក់ជូនដល់ អង្គការសហប្រជាជាតិ ព្រោះរបាយការណ៍សិទ្ធិមនុស្សត្រូវការប្រមូលធាតុចូលពីគ្រប់ក្រសួង និងអង្គភាពពាក់ព័ន្ធជាដើម។

លោក កែវ រ៉េមី បានបញ្ជាក់ថា ការសរសេររបាយការណ៍ពីសិទ្ធិមនុស្សនេះដែរ ត្រូវការភាពច្បាស់លាស់ ព្រមទាំងមានកម្រាសយ៉ាងក្រាស់ ដោយចងក្រងជាសៀវភៅ និងមានការកំណត់ យ៉ាងត្រឹមត្រូវទៅតាមអ្វីដែលខាងអង្គការសហប្រជាជាតិ បានកំណត់ជាដើម។ មិនតែប៉ុណ្ណោះ ការសរសេររបាយការណ៍សិទ្ធិមនុស្សនេះដែរ មិនមែនដូចជាការសរសេរតែងសេចក្តី ឬនិពន្ធតាមបែបប្រលោមលោកនោះទេ គឺទាមទារឱ្យមានភាពជាក់លាក់ ឆ្លើយតបទៅនឹងអនុសាសន៍ដែលបានផ្តល់មកដោយអង្គការសហប្រជាជាតិ ថាតើរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តក្នុងកម្រិតណា មានបញ្ហាប្រឈមអ្វីខ្លះ និងទិសដៅក្នុងការដោះស្រាយយ៉ាងណាដែរ។

បើតាមសារាចរ ស្តីពី «ការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ» បានបង្ហាញនូវឆន្ទៈខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់ការងារសិទ្ធិមនុស្ស ក៏ដូចជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយលោក កែវ រ៉េមី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា សារាចរនេះនឹងជំរុញឱ្យការងារសរសេររបាយការណ៍សិទ្ធិមនុស្ស នៅកម្ពុជាជូនអង្គការសហប្រជាជាតិនេះ កាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងនេះថែមទៀត៕