(កំពត)៖ លោក ងី ចន្ទ្រថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការធ្វើកំណែទម្រង់អភិបាលកិច្ចល្អ ជាកិច្ចការចម្បងមួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន និងឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ ស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ដែលកំពុងតែមានការវិវត្តន៍ទៅមុខ ឥតឈប់ឈរ ក្នុងល្បឿនយ៉ាងលឿនឆាប់រហ័ស។

ការលើកឡើងបែបនេះ របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសបើកអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្ត, លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងក្រសួងពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយ ដែលមកពីបណ្ដារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយ និងតំណាង សង្គមស៊ីវិលដៃគូអភិវឌ្ឍ ប្រមាណ៤៣២នាក់។

លោករដ្ឋលេខាធិការ ងី ចន្រ្ទថុល បានបន្តឲ្យដឹងទៀតថា ក្នុងបរិការណ៍នេះ រដ្ឋបាលសាធារណៈ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានខ្ពស់ជាងមុន មានមុខងារជាក់លាក់ និងធនធានសមស្របសម្រាប់អនុវត្តមុខងារ ដែលបានផ្ទេរប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះកំណែទម្រង់នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃកំណើទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ គឺក្នុងគោលបំណង លើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថា ការបង្កើតយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជារូបភាពមួយនៃការធ្វើកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាតាមរយៈការប្រមូលផ្ដុំសេវា ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ឱ្យមកផ្ដុំនៅកន្លែងតែមួយ និងប្រគល់ឱ្យសម្រេច ទៅឱ្យថ្នាក់រដ្ឋបាល ដែលនៅកៀកជិតនឹងប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

លោកថា យន្តការនេះ ត្រូវបានប្រទេសជាច្រើនយកមកអនុវត្តន៍ជាយូរណាស់មកហើយដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកស្នើសុំសេវា នឹងឆ្លើយតបតាមតម្រូវការរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការកាត់បន្ថយភាពស្មុគស្មាញ និងភាពសាំញ៉ាំនៃបែបបទ និងនីតិវិធីរដ្ឋបាល ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវានានាពីរដ្ឋបាលសាធារណៈ។

បច្ចុប្បន្ននៅកម្ពុជាយើង ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងបានធ្វើប្រតិភូកម្មមុខងារផ្ដល់សេវារដ្ឋបាល មានចំនួន ២១១ប្រភេទ សេវាលើវិស័យជំនាញចំនួន១០ គិតមកដល់ដំណាច់ឆ្នាំ២០១៩នេះ។

ការិយាល័យច្រកចេញចូលតែមួយ ថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌមានចំនួន១១៥ ក្នុងចំណោមក្រុង ស្រុក ខណ្ឌ ចំនួន២០៣ នៃរាជធានី ខេត្តទាំង២៥ ដែលក្នុងនោះរួមមានរដ្ឋបាលក្រុង ចំនួន២៧, រដ្ឋបាលស្រុកចំនួន៧៤ និងរដ្ឋបាលខណ្ឌ ចំនួន១៤ ស្មើនឹង៥៧% នៃចំនួនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តជាវ តាយ ក៏បានលើកឡើងដែរថា: អង្គភាពការិយាល័យចកចេញចូលតែមួយរដ្ឋបាលខេត្តកំពត បច្ចុប្បន្នកំពុងដាក់ឲ្យដំណើរការ ផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ មានចំនួន១៤វិស័យ តាមរយៈការសម្របសម្រួលផ្នែកបច្ចេកទេស មន្ទីរ អង្គភាពជំនាញ ក្នុងខេត្ត គិតចាប់ពី ខែកញ្ញា ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយ ខេត្តកំពត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបចំនួន១០.៦១៩សេវា និងទទួលបានចំណូល សរុបប្រមាណជាង១.៥៧៣លានរៀល៕