(កំពង់ឆ្នាំង)៖ កសិករមួយគ្រួសារ រស់នៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបង្កើតមុខរបរបន្ថែមមួយទៀត ក្រៅពីការងារ ស្រែចំការ គឺការចិញ្ចឹមជន្លេនក្រហម និងដាំដំណាំគ្មានសារធាតុគីមី សម្រាប់ហូបជាលក្ខណៈគ្រួសារផង និងលក់ជូនអ្នកជិតខាងខ្លះ បេះយកទៅលក់ឱ្យម៉ូយ នៅក្នុងផ្សារខ្លះផង បានកម្រៃជាប្រចាំថ្ងៃ ត្រូវបានប្រធានការិយាល័យ កសិកម្មស្រុកកំពង់លែង ផ្តល់ដីជាងកន្លះហិកតា ដើម្បីពង្រីកការដាំដុះដំណាំគ្មានគីមី។

លោក ម៉ក់ ថា អាយុ៥៨ឆ្នាំ កសិករគំរូដាំបន្លែ និងចិញ្ចឹមសត្វ គ្មានជាតិគីមី ត្រូវបានប្រធានការិយាល័យកសិកម្ម ស្រុកកំពង់លែង បានប្រគល់ដីជូនគាត់ចំនួនជាងកន្លះហិកតា ដើម្បីឱ្យពង្រីកនូវការបង្កបង្កើនផលដាំដំណាំសិរីរាង្គគ្មានសារធាតុគីមី បង្កើនជីវភាពគ្រួសារបន្ថែមទៀត ដោយសារ តែការខិតខំប្រែងប្រែងរបស់គាត់ទទួលបានជោគជ័យ។

លោក ម៉ក់ ថា បានបន្តថា មានទីលំនៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង បានឱ្យដឹង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កន្លងទៅគាត់ធ្លាប់ទទួលការបណ្ដុះបណ្ដាល ការដាំដំណាំគ្មានសារធាតុគីមី ពីលោកប្រធានការិយាល័យកសិកម្ម ស្រុកកំពង់លែង រួមទាំងការចិញ្ចឹមជន្លេនក្រហម ផងដែរ។

លោក ម៉ក់ ថា ដែលជាកសិករគំរូ បានបន្តថា ប៉ុន្តែ ពេលនេះដោយសារតែមានទំនុកចិត្ត ពីសំណាក់ប្រធានការិយាល័យកសិកម្មស្រុក ក៏បានផ្ដល់ដីស្រែឱ្យគាត់ចំនួនប្រមាណជាងកន្លះហិកតា ដើម្បីឱ្យគាត់ពង្រីកការដាំបន្លែគ្មានសារធាតុគីមី និងចិញ្ចឹមជន្លេនក្រហម ចំណែកបន្លែ បើគិតមកដល់ពេលនេះ បន្លែមួយចំនួនបានប្រមូលផលមួយសារហើយ រីឯការលក់ដូរវិញនោះ មិនពិបាកទេនៅពេលដែលបន្លែធំល្មមហូប គឺមានប្រជាពលរដ្ឋរស់នៅក្នុងភូមិ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមនេះ បានទិញពីគាត់នៅចំការនេះ ដោយផ្ទាល់តែម្ដង។ បន្លែដែលគាត់បានដាំ មានស្ពៃ សណ្ដែកកួរ ត្រកួន ភ្លៅកង្កែប ដើមខ្ទឹម និងម្រះជាដើម។

កសិករគំរូរូបនេះ បានបន្ថែមទៀតថា ចំពោះជីដែលគាត់បានប្រើ គឺជាជីកំប៉ុស ក្នុងនោះមានលាមកគោ លាមកមាន់ ផេះអង្កាម កាកកាហ្វេ និងសំណល់ផ្ទះបាយជាដើម។ បន្លែរបស់គាត់លូតលាស់មិនចាញ់បន្លែ ដែលគេប្រើជីគីមីនោះទេ ប៉ុន្តែបន្លែមានសារធាតុគីមី ធ្វើឱយប៉ះពាល់ដល់សុខភាព ហេតុនេះហើយក្នុងនាមលោកជាកសិករមួយរូប សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ប្តូរគំនិតមកដាំបន្លែគ្មានសារធាតុគីមីវិញ ដើម្បីសុភាពទាំងអស់គ្នា។

កសិករគំរូ ម៉ក់ ថា បានបញ្ជាក់ថា បច្ចុប្បន្ននេះគាត់ ក៏បានចិញ្ចឹមជន្លេនក្រហម ដែលដាក់ពូជ រហូតទៅដល់ជិត ១០គីឡូក្រាមផងដែរ ជន្លេនក្រហមប្រភេទនេះពូជរបស់វានាំចូលមកពីក្រៅប្រទេស រីឯការចិញ្ចឹមវិញ គឺចិញ្ចឹមដាក់នៅក្នុងឡាំងស្នោរ ដោយក្នុង១ឡាំង ត្រូវដាក់ពូជជន្លេន ១គីឡូក្រាម ចំណីដែលវាស៊ីនោះ គឺមានតែអាចម៍គោលាយជាមួយនឹងដីធម្មតា ហើយក៏មិនពិបាកក្នុងការថែទាំនោះដែរ គឺគ្រាន់តែស្រោចទឹកក្នុង១ថ្ងៃ ពី២ ទៅ៣ដង តែប៉ុណ្ណោះ។

ចិញ្ចឹមរយៈពេលពី១ខែទៅ២ខែ ក្នុងជន្លេនមួយគីឡូក្រាម អាចកើតកូនបាន រហូតទៅដល់ពី៣០ទៅ៤០ គីឡូក្រាម ហើយអាចលក់ចេញ ក្នុង១គីឡូក្រាម តម្លៃ ១ម៉ឺនរៀល បច្ចុប្បន្ន គាត់ក៏ទទួលបានជោគជ័យ ក្នុងការចិញ្ចឹមពូជជន្លេនក្រហមនេះផងដែរ។ ដោយត្រូវបានអតិថិជនទំនាក់ ទំនងទិញជាច្រើន ដើម្បីយកទៅចិញ្ជឹមបន្ត និងយកធ្វើជាចំណីត្រី មាន់ ទា ពេលខ្លះក៏មានអតិថិជន ពីតាមបណ្ដាខេត្តផ្សេងៗ ទូរស័ព្ទមកកុម្មង់ទិញយកទៅចិញ្ចឹមបន្តផងដែរ។ ព្រោះតែជន្លេនក្រហមជាប្រយោជន៍ សម្រាប់ជាចំណីត្រី ចំណីមាន់ ទា ធ្វើឱ្យមានសុខភាព និងព្យាបាលជម្ងឺ ដោយឡែកដីដែលដាក់ចិញ្ជឹមជន្លេន ក៏អាចយកមកធ្វើជី ដាក់ដំណាំផ្សេងៗបានយ៉ាងល្អទៀតផង៕