(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ៣៥គ្រួសារតំណាង ១៤៥គ្រួសារ បានធ្វើការតវ៉ាជាថ្មីនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជំទាស់ការសាងសង់ និងលួចលក់ដីដែលកំពុងមានទំនាស់រវាងពួកគាត់ ជាមួយវរៈសេនាតូចលេខ៩១ ការពារអាកាស ដែលបានខ្ចីដីរួមភូមិរបស់ពួកគាត់ហើយមិនព្រមសងវិញ។

ប្រជាពលរដ្ឋបានអះអាងថា រឿងទំនាស់នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញចំណារបែងចែកដី ជា៣ចំណែក ដើម្បីបញ្ចប់វិវាទទៅហើយ។ ប៉ុន្តែនៅតែ ២ថ្ងៃ ដល់ថ្ងៃប្រគល់ដីត្រូវបញ្ចប់ ស្រាប់តែក្រុមការងារដែលបង្កើតឡើងដោយក្រសួងការពារជាតិ បែរជាដកខ្លួនថយលែងចុះវាស់វែងទៅវិញ។

ការប្រមូលផ្ដុំតវ៉ារបស់ពួកគាត់ទាំង ៣៥គ្រួសារ ពេលនេះមិនចង់រកដំណោះស្រាយអ្វីទៀតនោះទេ ពោលគ្រាន់តែចង់ឲ្យក្រុមការងារដែលបង្កើតដោយក្រសួងការពារជាតិ អនុវត្តតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។

បើតាមប្រជាពលរដ្ឋអះអាងថា កាលពីអំឡុងឆ្នាំ១៩៨៧ វរៈសេនាតូចលេខ៩១ ការពារអាកាស បានខ្ចីដីរួមសាមគ្គីភូមិព្រៃទាពីពួកគាត់ទំហំជាង ៩ហិកតា ដើម្បីធ្វើជាមូលដ្ឋានកងទ័ព ជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានសន្យាថា នឹងប្រគល់មកឲ្យពួកគាត់វិញ នៅពេលដែលអ្នកភូមិត្រូវការ។ រហូតដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញ ដើម្បីចែកកូនចៅក្នុងភូមិ ដែលបែកគ្រួសារដើម្បីរស់នៅស្រាប់តែយោធាមិនព្រមប្រគល់ឲ្យវិញឡើយ។

ទើបពេលនោះ ពួកគាត់ធ្វើការតវ៉ាទាមទារយកដីនេះវិញ និងធ្វើឲ្យពួកគាត់ ជាមួយអង្គភាពខាងលើ ដែលមានលោកឧត្តមសេនីយ៍ សុខ ប៉ាង ជាមេបញ្ជាការកងទ័ពវរៈ៩១ ពេលនោះ បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង រហូតដល់មានការអន្តរាគមន៍ជាបន្តបន្ទាប់ ពីសំណាក់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះមានក្រសួងការពារជាតិផងដែរ។

ប៉ុន្តែរឿងរ៉ាវនេះមិនត្រូវបានបញ្ចប់នោះទេ នៅតែអូសបន្លយាយពេលរហូតមកដល់ពេលនេះ ចំណែកព្រំបន្ទាយត្រូវបានបង្រួម ដើម្បីយកដីលក់ និងដីជុំវិញបន្ទាយ ក៏ត្រូវបានយោធាលក់ជាបន្តបន្ទាប់ ជាពិសេសលោកឧត្តមសេនីយ៍ សុខ ប៉ាង រួមទាំងប្រពន្ធ និងកូនក្មួយរបស់លោកសុទ្ធ តែបានយកមានផ្ទះលើដីទំនាស់ និងរំលោភយកដីទំនាស់នេះគ្រប់ៗគ្នាទាំងអស់។ នេះបើតាមការឲ្យដឹងបន្ថែម ពីពលរដ្ឋតវ៉ា។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយពីមានទំនាស់កាន់តែខ្លាំង ក្រសួងការពារជាតិ បានដាក់សំណើសុំបែងចែកដីជាង ៩ហិចតា ដែលកំពុងមានទំនាស់ដ៏រ៉ាំរ៉ៃនោះជូនទៅកាន់សម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេចក៏បានចេញចំណារលេខ «០៥៩» ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកភាពបែងចែកដីជា ៣ចំណែក តាមសំណើររបស់ក្រសួងការពារជាតិ ដើម្បីបញ្ចប់រឿងវិវាទមួយនេះ។

*ទី១ ៖ កាត់ដីទំហំជាង ៣ហិចតា និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនទៅគ្រួសារកងទ័ពចំនួន ១២៤គ្រួសារ
*ទី២ ៖ កាត់ដីទំហំ ៤៣,៧៥០ម៉ែត្រការ៉េ ប្រគល់ជូនពួកគាត់ ៣៥គ្រួសារ តំណាងឲ្យ ១៤៥គ្រួសារ
*ទី៣ ៖ ដីដែលនៅសល់ទំហំជាង ១ហិចតា ជាមួយដី២ហិចតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ប្រគល់ជូនកងទ័ពខាងលើនោះ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា បន្ទាប់មកនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងការពារជាតិ បានចេញសេចក្ដីសម្រេចមួយ លេខ០៩៩សណ ២០១៧ បង្កើតក្រុមការងារមួយក្នុងនោះរួមមាន៖

*ទី១ ៖ នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ជាប្រធាន
*ទី២ ៖ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ជាអនុប្រធាន
*ទី៣ ៖ តំណាងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ជាសមាជិក
*ទី៤ ៖ តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក ជាសមាជិក
*ទី៥ ៖ តំណាងអាជ្ញាធរដែនដីរាជធានីភ្នំពេញ ជាសមាជិក ដើម្បីចុះវាស់វែងបែងចែកដីនោះអនុវត្តន៍ទៅតាមចំណាររបស់សម្ដេច។

ក្រោយពេលឯកភាពគ្នាអស់ហើយនៅរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ដល់ពេលប្រគល់ទៅហើយ ស្រាប់តែខាងក្រុមការងារដកថយវិញ មិនអនុវត្តហើយមូលហេតុដែលមិនដោះស្រាយនោះ ក៏នៅតែជាអាថ៌កំបាំងរហូតមកទល់ពេលនេះ។

យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងមេបញ្ជាការវរៈសេនាតូចលេខ៩១ នោះទេ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះនៅឡើយទេ៕