(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃក្រសួងមហាផ្ទៃ ប្រកួតកីឡាវាយកូនគោល លក្ខណៈមិត្តភាពជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងសហការី នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីលានវាយកូនគោល វឌ្ឍនៈ។

ការវាយកូនហ្គោលមិត្តភាពនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខា និងអគ្គនាយក នៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្រៅតែពីដើម្បីសុខភាពល្អ វត្ថុបំណង នៃការលេងកីឡាវាយកូនហ្គោលមិត្តភាព លើវាលស្មៅដ៏ខៀវខ្ចីនាឱកាសនេះ ក៏ដើម្បីពង្រឹងចំណងមេត្រីភាព និងទំនាក់ទំនង រវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនដែរ។

បន្ទាប់ពីបញ្ចប់ការលេងកីឡាវាយកូនហ្គោលនេះ សម្ដេចក្រឡាហោម ស ខេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទតជប៉ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន បានអញ្ជើញពិសារអាហារសាមគ្គី និងបានឆ្លៀតពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា អំពីបញ្ហាផ្សេងៗ ប្រកបដោយភាពជិតស្និត និងមនោសញ្ចេទនា គោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត។

សូមបញ្ជាក់ថា កីឡាវាយកូនហ្គោល ស្ថិតនៅក្នុងចំណោមប្រភេទកីឡា ដែលសម្ដេចក្រឡាហោម ស ខេង មានចំណូលចិត្តលេងដើម្បីសុខភាព និងមិត្តភាព។ ឆ្លៀតពេលពីការបំពេញការបំរើជាតិ និងប្រជាជនយូរៗម្ដង នៅថ្ងៃសៅរ៍ ឬអាទិត្យ សម្ដេចតែងលេងកីឡាវាយកូនហ្គោលនេះ ជាមួយឥស្សរជនថ្នាក់ដឹកនាំជាតិ និងបណ្ដាមិត្តភក្ដិបរទេស ពិសេជាមួយសឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាប្រភេទនេះ៕