(កណ្ដាល)៖ អភិបាលស្រុកស្អាងលោក ញឹម វណ្ណឌិន បានធ្វើយុទ្ធនាការបំផុសស្មារតីពលរដ្ឋអស់ឲ្យស្រលាញ់បរិស្ថាន ចូលរួមធ្វើអនាម័យសាធារណៈ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពល្អទាំងអស់គ្នា។

លោក វណ្ណឌិន បានបផុសយ៉ាងដូច្នេះ នៅគ្រាដែលលោកដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការ ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ អាជីវករ អំពីការសំអាតអនាម័យបរិស្ថាន និងការចោលសំរាមពាសវាលពាសកាលការនៅតាមទីសាធារណៈនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក ញឹម វណ្ណឌិន បានថ្លែងថា ដើម្បីឲ្យស្រុកស្អាងយើងស្អាត គឺត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា ចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន នៅតាមផ្ទះ សាលារៀន ផ្សារ វត្តអារ៉ាម និងទីធ្លាសាធារណៈផ្សេងៗ ទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងអោយបានត្រឹមត្រូវ ដោយប្រកាន់ភ្ជាប់នូវពាក្យស្លោក ស្អាងយើងស្អាត ស្អាងយើងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា ភូមិស្អាត នាំមកនូវ សុខភាព និងសុភមង្គល រួមគ្នា សម្អាតភូមិឋានយើង។

លោកអភិបាលស្រុកបន្តថា រដ្ឋបាលស្រុកស្អាងបានយកចិត្តទុកដាក់ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន ប៉ុន្តែនៅមានបញ្ហាប្រឈមជាច្រើន ក្នុងការផ្ដល់សេវានេះផងដែររួមមាន៖ ខ្វះទីលានសម្រាប់ទុកដាក់សំណល់នៅតាមតំបន់ឃុំមួយចំនួន។ ការវិនិយោគរបស់វិស័យឯកជនលើសេវាគ្រប់គ្រង ដឹកជញ្ជូនសំរាម សំណល់រឹង នៅមិនទាន់បានទូលំទូលាយ និងស៊ីជម្រៅ។

ការអនុវត្តច្បាប់ ចំពោះអ្នកល្មើសបោះចោលសំរាម សំណល់រឹង តាមទីសាធារណៈមិនទាន់មានភាពតឹងរឹង។ ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ លើសំណល់ដែលខ្លួនបានបង្កើត ដូចជាងការចូលរួមកាត់បន្ថយសំណល់ ការវេចខ្ចប់ ការទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ និងមិនទាន់ការចូលរួមទទួលខុសត្រូវ ក្នុងការបង់ថ្លៃសេវាគ្រប់គ្រងសំរាមនៅឡើយ។

លោកអភិបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈបការបោះចោលសំរាម ពាសវាលពាសកាល តាមទីសាធារណៈ ត្រូវវេចខ្ចប់សំរាម សំណល់រឹងអោយបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពស្រុក សេចក្ដីថ្លៃថ្នូរ របស់យើងទាំងអស់គ្នា ទុកជាគម្រូល្អយុវជនជំនាន់ក្រោយអនុវត្តតាម៕