(សៀមរាប)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ តំណាំងឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០»

លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា នាពេលបច្ចុប្បន្នប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និង ទូករ៉ូអ៉ីងនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាបណ្តើរៗពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។

លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករ-កីឡាការិនី ត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ឱ្យទទួលបានលទ្ធផលល្អដូចខាងក្រោម៖

១៖ បង្កើនការផ្សព្វផ្សាយពីកីឡាទូកគ្រប់ប្រភេទឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងប្រជាប្រិយភាពរបស់កីឡាទូកក្នុងស្រទាប់មហាជន។
២៖ ស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភយូរអង្វែង និងជាលក្ខណៈយុទ្ធសាស្ត្រ ដោយមិនត្រឹមតែ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងបង្កើនគុណភាពនៃការ ប្រកួត ដោយផ្ដល់លទ្ធភាពឲ្យអស់ពីសមត្ថភាពឲ្យក្រុមទូកដែលត្រូវប្រកួត មកចូលរួមប្រកួតបាន។
៣៖ ធ្វើការឲ្យបានជិតស្និតជាមួយនឹងសមាគមកីឡាទូកទូទាំងប្រទេស ដើម្បីបង្កើនភាពប្រកួតប្រជែង និងគុណភាពប្រកួត ឈានទៅដល់ការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនប្រកួត ក្នុងកម្រិតខ្ពស់ នាថ្ងៃអនាគត។
៤៖ ពង្រឹងសមាគមកីឡាទូកទាំងអស់ឲ្យមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមប្រកួត។ ក្នុងនោះសហព័ន្ធត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគមឲ្យបានរឹតតែច្រើន និងប្រកបដោយគុណភាព។
៥៖ ត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជា ចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។
៦៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៧៖ ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តីជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕