(ស្វាយរៀង)៖ ពិធីប្រកាសផ្ទេរ និងតែងតាំងចូលកាន់តំណែងរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នឹងរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លិខិតបង្គាប់ដែលចេញដោយមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់អភិបាលខេត្តស្វាយរៀង សមាជិក នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជា ប្រធានមន្ទីរនានារបស់ខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនថា លោក ខាំ សុផារី វរៈព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេមរិទ្ធ ដែលត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញាខេត្តប៉ៃលិន។