(ភ្នំពេញ)៖ ដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា រួមជាមួយក្រុមការងារ បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងស្តាប់សំណូមពរប្រជាពលរដ្ឋរស់នៅក្នុងសហគមអណ្តូងទាំង១០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំនួន ១,៤៩៨គ្រួសារ។

លោកស្រី មុំ ចានដានី បានបញ្ជាក់ថា កិច្ចការដែលជាអាទិភាពក្នុងការជួយលើកកំពស់ប្រជាជនសហគមន៍ ក្នុងមូលដ្ឋានសង្កាត់គោករកា មានដូចជាទឹក ភ្លើងអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ឋ សាលារៀន ដែលជាតម្រូវការចាំបាច់ សម្រាប់ប្រជាជនសហគម។ ក្នុងនោះលោកស្រីប្រធាន ក៏បានជម្រាបពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រ អាយុក្រោម២ឆ្នាំ នឹងចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០មកនោះ។

លោកស្រីបានគូសបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ ក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតា រហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកំពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ ដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីអោដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រ នៅតាមមូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកស្រី មុំ ចានដានី បាន ឱ្យដឹងថា ការអនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នាពេលនេះ បានបង្ហាញពីកាយវិការប្រកបដោយគុណធម៌ និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅប្រកបដោយ ការទទួលខុសត្រូវស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកស្រីបានបន្តថា ក្នុងនាមមន្ត្រីមូលដ្ឋាន តែងតែចុះជួបដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗជូនប្រជាជនរស់នៅតាមសហគមន៍ ។ ជាក់ស្តែងដូចថ្ងៃនេះ លោកស្រី និងក្រុមការងារ បានចុះជួបសំណេះសំណាល នាំយកអំណោយ និងជំរាបជូនប្រជាសហគមន៍។ នេះមិនមែនជាលើកដំបូងទេ ដែលលោកស្រីប្រធាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមអណ្តូងទាំង១០ និងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូននៅសហគមនេះ ដែលកំពុងមានការរីកចំរើនគួរឱ្យកត់សំគាល់ ទាំងសំណង់លំនៅដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការរីកចម្រើនលើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ។

លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាសហគម ក្នុងការរស់នៅស្អាត ដោយទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ និងសូមកុំបារម្ភ សូមទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើបញ្ហាជំងឺកូរ៉ូណា Covid-19 ដោយហេតុថា ជំងឺនេះក្រសួងសុខាភិបាលបានប្រកាសថា មិនមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺនេះទេ៕