(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានរៀបចំបិទការប្រកួតបាល់ទះពានរង្វាន់ អរគុណសន្តិភាព របស់រដ្ឋបាលស្រុកឆ្នាំ២០២០ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងពិធីនេះមានចូលរួមពីលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក, លោក ឡាំង អូនណា តំណាងក្រុមការងារចុះជួយឃុំរលួស ស្រុកប្រាសាទបាគង, លោក លឹម សម្បត្តិ អធិការនគរបាលស្រុក, លោក ជួន សុវណ្ណឌី ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជននិងកីឡា, សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ ភូមិ គណៈកម្មការ អាជ្ញាកណ្តាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ ទស្សនិកជន ជាពិសេស ប្អូនៗជាកីឡាករទាំង ១៤ក្រុម។

នៅក្នុងឱកាសនោះលោក សូរ ប្លាតុង បានអរគុណដល់សន្តិភាព ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងនយោបាយឈ្នះឈ្នះ ព្រមទាំងផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ។

លោកអភិបាលស្រុក បានថ្លែងថា អរគុណសន្តិភាព បានបង្កប់ពាក្យសន្តិភាពចំនួន ៣ក្នុងនោះទូទាំងប្រទេសមាន សន្តិភាព (គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍), ពានរង្វាន់ អរគុណ! សន្តិភាព (ជាពានលើកទី១ របស់ថ្នាក់ក្រោមជាតិដែលរៀបចំ) និងកីឡា-សន្តិភាព (បើគ្មានសន្តិភាព គ្មានកីឡា) ដូចនៅអឺរ៉ុបជាដើម។

លោកបានអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខ ដើម្បីលើកស្ទួយវិស័យកីឡា ជាពិសេសកីឡាបាល់ទះ (យុវជនម្នាក់ ចេះកីឡា១ប្រភេទ), បង្កើតការសាមគ្គីភាព មិត្តភាព រាប់អានស្រលាញ់គ្នារវាងមនុស្សគ្រប់វ័យនៅក្នុងស្រុក, បង្កើនសុខភាព និងចៀសឆ្ងាយពីអបាយមុខផ្សេងៗ (ជាពិសេសគ្រឿងញៀន)។

បើតាមលោកអភិបាលស្រុក សារៈសំខាន់នៃកីឡាបាល់ទះ គឺមានការរីកចំរើនរយៈពេលចុងក្រោយនេះ គ្រប់មូលដ្ឋានមានការលេងកីឡា ជាពិសេសស្រុកប្រាសាទបាគង កីឡានេះល្បីល្បាញ និងមានប្រជាប្រិយភាពលើ ពិភពលោកតំណាងឲ្យជាតិ៕