(បាត់ដំបង)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ងួន រតន: អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រេីននាក់ផ្សេងទៀត។ ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងតែខិតខំប្រយុទ្ធប្រឆាំងជាមួយជំងឺ Covid-19 ដើម្បីទាក់ទាញកំណើនទេសចរដែលកំពុងមានការធ្លាក់ចុះមកវិញ ខណៈកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ គ្មានការភ័យព្រួយរឿងឆ្លងជំងឺនេះឡើយ ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ផ្នែក គ្រប់ជំនាញ ពិសេសជំនាញសុខាភិបាលបានធ្វើការដោយហ្មត់ចត់ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះ សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចសម្រាប់មនុស្សជាតិទាំងមូល។

លោករដ្ឋមន្ត្រីលើកឡើងថា ភ្ញៀវទេសចរមកពីកប៉ាល់ Westerdam សុទ្ធតែបានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចស្វាគមន៍គ្រប់ទីកន្លែង និងផ្តល់ភាពកក់ក្តៅដល់ពួកគេ។

លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីសម្រេចបានកំណើនទេសចរមកវិញ កម្ពុជាបានខិតខំជំរុញចលនាទេសចរក្នុងស្រុក ខិតខំពង្រីកការផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិនានា ខិតខំបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា។

ជាក់ស្ដែង ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ ក៏ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយដែរ ដែលនឹងចូលរួមចំណែកជំរុញចលនាទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិមួយចំនួនផងដែរ។

លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យពង្រីការផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យទន្លេទៅដល់ទីផ្សារទេសចរណ៍ ក៏ដូចជាទៅដល់ប្រជាពលរដ្ឋក្នុងប្រទេសឱ្យកាន់តែខ្លាំងជាងមុន ដើម្បីចូលរួមចំណែកក្នុងការជំរុញចលនាទេសចរក្នុងប្រទេស ស្របដែលមានវិបត្តិនៃការរីករាលដាលជំងឺ Covid-19 ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយថា ប្រទេសខ្លួនជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព មិនភ័យព្រួយពីបញ្ហាឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដូចប្រទេសដទៃឡើយ។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការរំពឹងទុកថា ពីធីបុណ្យទន្លេនៅខេត្តបាត់ដំបងនៅឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរមិនតិចជាង ១លាននាក់ ដោយរំពឹងទទួលបានចំណូលក្នុងរង្វង់ ៥០លានដុល្លារ (ទេសចរម្នាក់ចាយមិនក្រោម ៥០ដុល្លារ) ពីព្រោះខេត្តបាត់ដំបងជាគោលទេសចរណ៍ទី២ មានសក្ដានុពលទេសចរណ៍គួរឱ្យទាក់ទាញ និងមានបន្សល់នូវសម្បត្តិបេតិកភណ្ឌជាច្រើនសម្បូរបែប ម្យ៉ាងនៅជិតគោលដៅទេសចរណ៍សៀមរាប-អង្គរថែមទៀត ហើយអាចមានលំហូរពីខាងប្រទេសថៃ។

លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់អនុគណៈកម្មការកីឡាអញ្ជើញក្រុមកីឡាករគុនសៅលីញពីប្រទេសចិន ឱ្យចូលរួមសម្ដែងប្រកួតក្នុងពិធីបុណ្យទន្លេ ដើម្បីឱ្យព្រឹត្តិការណ៍កីឡាកាន់តែអធិកអធម ក្រៅពីកីឡាប្រដាល់គុនខ្មែរ និងកម្មវិធីកីឡាជាច្រើនទៀត។

លោកបានណែនាំឱ្យមានការឃោសនាផ្សព្វផ្សាយពីការសម្ដែងសិល្បៈរបាំ ល្ខោនបាសាក់ ការប្រគំតន្ត្រី ដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកជនបទ ដើម្បីឱ្យប្រជាជនបានទស្សនាការសម្ដែងសិល្បៈល្អៗមកពីថ្នាក់ជាតិ និងផ្សព្វផ្សាយពីវប្បធម៌ជាតិដល់ពួកគេផងដែរ។

ត្រូវខិតខំរៀបចំវិថីម្ហូបអាហារឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាម្ហូបអាហារជូនភ្ញៀវទេសចរដែលមកទស្សនាពិធីបុណ្យទន្លេ ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយរដ្ឋមន្ត្រី ដែលមានបញ្ជាក់ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេ និងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត។

មួយវិញទៀត លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យរៀបចំការតាំងបង្ហាញពីផលិតផលទេសចរណ៍ ផលិតផល ឬម្ហូបអាហារដែលផលិតបានក្នុងខេត្តក្នុងស្រុកឱ្យលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាបុណ្យទន្លេ សំដៅជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈការរៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេស៕