(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមាគមកាយឫទ្ធិកម្ពុជា បានរៀបចំកម្មវិធី ប្រារព្ធពិធីសច្ចា និងអបអរសាទរទិវានឹករលឹកឆ្នាំ២០២០ Thinking Day 2020 ក្រោមប្រធានបទ «ភាពចម្រុះ សមធម៌ ការរួមបញ្ចូលគ្នា» ( Happy Thinking Day 2020 Under The Theme Diversity Equilty and Inclusion) ដោយមានការចូលរួមពី សំណាក់ស្ថាបនិក ស្នងការ ស្នងការរង សមាជិកកិត្តិយសលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសមាជិកសមាជិការជាង២០០នាក់ នៅអគារពិពរណ៍កោះពេជ្រ អគារ B ។

លោកស្រី ស៊ិន សិរី ជាអគ្គស្នងការសមាគម បានបញ្ជាក់ថា ចលនាកាយឫទ្ធិនារី ជាសកម្មភាពដែលមាន គោលដៅ និងភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតី គឺជាការ អប់រំក្រៅប្រព័ន្ធ មួយដែលផ្តល់ឱកាសឱ្យកុមារី និងយុវតីសាកល្បងចូលរួមសកម្មភាពផ្សេងៗ ដើម្បីឱ្យពួកគេមាន ការទុកចិត្តលើខ្លួនឯង និងចាប់អារម្មណ៍ទៅលើបញ្ហាសង្គម។ ចលនាកាយឫទ្ធិនារីជាចលនា ស័្មត្រចិត្ត មិនមែនរដ្ឋាភិបាល មិនប្រកាន់ក្រុម មិនប្រកាន់វណ្ណៈ សាសនា ជាតិសាសន៍ ឬ ពណ៌សម្បុរឡើយ ។

សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកំពស់ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ។ សមាគមនេះមានបេសកកម្មជួយអភិវឌ្ឍន៍ថាមពលកុមារី យុវតី ដើម្បីឱ្យក្លាយទៅជាពលរដ្ឋល្អដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។

លោកស្រី ពេជ ចន្ទមុន្នី ដែលបានចូលរួមនៅក្នុងពិធីបំពាក់កន្សែងចូលជាសមាជិកសមាគមន៍កាយរឹទ្ធនៃកម្ពុជា បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងមោទនភាពដែលបានចូលរួមជាមួយសមាគមកាយរឹទ្ធិនារីកម្ពុជាលោកស្រីបានមានប្រសាសន៍ថាយើងដើរទៅមុខទាំងអស់គ្នា ប្រកបដោយមោទនភាពនិងប្ដេជ្ញាដឹកនាំបន្តដោយមានការគាំទ្រនិងលើកទឹកចិត្តពីថ្នាក់ដឹកនាំចាស់ៗដើម្បីបុព្វហេតុសកម្មភាពសង្គមរបស់សមាគមន៍កាយរឹទ្ធនារីកម្ពុជា។

សូមរំលឹកថា ប្រវត្តិនៃកកើតសមាគមកាយឫទ្ធិនារីកម្ពុជា ផ្តើមនៅពេលអាណានិគមបារាំង ប៉ុន្តែសកម្មភាពត្រូវកាត់ផ្តាច់២ទស្សវត្ស ដោយសង្គ្រាម និងបង្កើតឡើងវិញនៅឆ្នាំ១៩៩៦ ដោយការស្នើពីគណៈប្រតិភូសមាគមកាយឫទ្ធិពិភពលោក (WAGGGS) លោកស្រី លាង ម៉េងហូ បានប្រមូលនិសិ្សត១៦នាក់ និងរៀបចំជូនគណៈកម្មាការបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើតអោយមាន គណៈកម្មាការ និងរៀបចំជាសមាគម អង្គការមិនមែនរដ្ឋាភិបាលខែរជាមួយក្រសួងមហាផ្ទៃ ថ្ងៃទី ១៧ ឧសភា ឆ្នាំ១៩៩៧។

ឆ្នាំ១៩៩៩ គណៈកម្មការប្រតិបត្តិដំបូងបង្អស់ត្រូវបានរៀបចំឡើង បន្ទាប់ពីការបណ្តុះបណ្តាលដោយគណៈកម្មការប្រតិបត្តិនៅក្រុងបាងកក។ ឆ្នាំ១៩៩៩ ខែសីហា សមគមទទួលវិញ្ញាបនប័ត្រពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ដើម្បីចូលជាសមាជិក។ នៅថ្ងៃ០៧ ខែធ្នូ ឆ្នាំ១៩៩៩ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសីហនុ ទ្រង់បានទទួលយល់ព្រមតាមសំណើរបស់គណៈកម្មាការប្រតិបត្តិជា ព្រះប្រធានកិតិ្តយស។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ សមាគមកាយឫទ្ធិនារីកម្ពុជាត្រូវបានទទួលស្គាល់ និងបានក្លាយជាសមាជិកពេញសិទ្ធ នៃសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) នៅក្នុងសន្និសីទពិភពលោកលើកទី៣៤ បានប្រារព្ធឡើងនៅក្នុងទី Edinburgh, Scotland United Kingdom។ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ តាមរយៈសន្និបាតលើកទី៩ បានបោះឆ្នោតជ្រើសរើសគណៈកម្មាធីការប្រតិបត្តិអាណត្តិ ២០១៦-២០១៨ ដឹកនាំដោយលោកស្រី ស៊ិន សិរី ជាអគ្គស្នងការ។

បច្ចុប្បន្ននេះ សមាគមកាយឫទ្ធិនារីកម្ពុជា មានសមាជិកដែលចុះក្នុងបញ្ជីឈ្មោះចំនួន ៤៥០១សមាជិក ដែលមាននៅរាជធានីភ្នំពេញ, ខេត្តកំពត, កំពង់ស្ពឺ, បាត់ដំបង, តាកែវ, កំពង់ធំ, កណ្តាល, ព្រៃវែង និងខេត្តសៀមរាប ។ សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនៃយុវតី និងស្រ្តី ៕