(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលផលនានា ក្នុងវត្តអង្គនារាម ហៅវត្តស្រែសៀម ក្នុងឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានតម្លៃជាង ១៣ម៉ឺនដុល្លារ និងបានប្រគេន ២ម៉ឺនដុល្លារ ដែលវត្តនៅជំពាក់ថ្លៃជាងផងដែរ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងដែនដីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធិផលយ៉ាងច្រើន ក្នុងវិស័យពុទ្ធចក្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់គោរពប្រតិបត្តិ ក្នុងវត្តស្រែសៀម នាពេលនេះ ផ្ដើមចេញដោយកត្តាសុខសន្តិភាព ពេញលេញ ក្នុងការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាល បានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿង នៃសង្គមជាតិយើង។ ជាពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា ដើម្បីបន្តបោះជំហានលើការអភិវឌ្ឍន៍ជាបន្តទៀត៕