(រតនគិរី)៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅតំបន់ព្រៃបរិស្ថាន ស្ថិតក្នុងភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី នៅតែមានក្រុមឈ្មួញចលនាប្រជាពលរដ្ឋ ចូលកាប់ឈើយ៉ាងសកម្ម ប៉ុន្តែគ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធឡើយ។

ប្រជាពលរដ្ឋបានរាការណ៍ទៀតថា ប្រភេទឈើហ៊ុបមូលដែលកាប់ផ្តួលមានដូចជា៖ ឈើទាល, ថ្លុង, ត្បែង, កកោះ ជាពិសេសដើមចរបោះ (ជ័រទឹក) ដោយផ្តួលកាត់ចុងកាត់ដើមតម្លៃ ២ម៉ឺនរៀល ក្នុង១ម៉ែត្រគូប និងលក់ឲ្យឈ្មួញឈើហ៊ុបមូល ១ដើម តម្លៃ៤ម៉ឺនរៀល។

ទាក់ទិនទៅនឹងបញ្ហានេះ លោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខណ្ឌរតនគិរី ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះយ៉ាងខ្លីថា តំបន់ខាងលើ គឺស្ថិតក្រោមការគ្រប់គ្រងខាងបរិស្ថាន ដូច្នេះក្រោយពីទទួលព័ត៌នេះ គាត់រាយការណ៍ជូនខាងបរិស្ថាន ប៉ុន្តែបើពួកគាត់ត្រូវការកម្លាំងនោះ លោកនឹងបញ្ជូនទៅចូលរួមសហការ។

ដោយឡែក លោកអនុសេនីយ៍ឯក ចង លីបង៉ែត មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកវើនសៃ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ផងដែរថា ទីតាំងខាងលើ ត្រូវបានចុះទប់ស្កាត់ទាន់ពេលវេលាហើយ ពោលគឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ប្រព្រឹត្តខុសច្បាប់តាមការចង្អុលរបស់ក្រុមឈ្មួញនោះឡើយ។

សូមបញ្ជាក់ថា មានមធ្យោបាយត្រាក់ទ័រ ៣គ្រឿង និងរថយន្តកែច្នៃ ១គ្រឿង បានចូលទៅអូសឈើទាំងនោះចូលទន្លេសេសាន្ត៕