(ព្រះវិហារ)៖ លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានធ្វើការជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពន្លឿនការស្ថាបនាសាងសង់ស្ពានថ្មបេតុង២កន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ឲ្យបានរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្ពាន២កន្លែង នៅស្រុកឆែប ខេត្តព្រះវិហារ ដែលអមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត, លោក សុក សាន្តតារា អភិបាលស្រុកឆែប និងមន្ត្រីជាច្រើនរូបទៀត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក គោ ស៊ុប៊ុនសឿត បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យដំណើរការសាងសង់ស្ពានទាំង២កន្លែងនេះ សម្រេចបានប្រមាណ៩០%ទៅហើយ។

លោក គោ ស៊ុប៊ុនសឿត បានធ្វើការវាយតម្លៃពីគុណភាពសំណង់ស្ពាននេះថា សាងសង់តាមលក្ខណៈស្តង់ដាបច្ចេកទេសបានល្អ ទាំងគុណភាព និងសោភណ្ឌ័ភាព ដែលមើលទៅគឺរឹងមាំ និងស្រស់ស្អាតខ្លាំងណាស់។ លោកផ្តាំផ្ញើរឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាស្ពាននេះ ប្រយោជន៍ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង ពោលត្រូវទប់ស្កាត់ការដឹកលើសទម្ងន់ជាដើម។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ការស្ថាបនាស្ពានចំនួន០២កន្លែង លើបណ្ដោយផ្លូវជាតិលេខ៩៥ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រហូតមកពេលបច្ចុប្បន្ននេះ ការងារបានប្រមាណជាង៩០%ហើយ ដោយស្ពានទី១៖ មានប្រវែង ៤៥ម៉ែត្រ ទទឹង១២.៥ម៉ែត្រ និងស្ពានទី២៖ មានប្រវែង ១៨ម៉ែត្រ ទទឹង១០.៩ម៉ែត្រ។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ផងដែរ ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បច្ចុប្បន្ននេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងតែមមាញឹកក្នុងការសាងសង់ស្ពាន២កន្លែង នៅស្រុកឆែប ជួសជុលកំណាត់ផ្លូវជាតិលេខ៦២ និងលេខ៦៤ និងសំអាតរុក្ខជាតិតាមដងផ្លូវ ដោយម៉ាស៉ីនស្វ័យប្រវត្តិ និងស្ថាបនាផ្លូវភ្លោះ ក្នុងក្រុងព្រះវិហារ ធ្វើយ៉ាងណាឲ្យបានរួចរាល់ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

លោកប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់គ្នាដោយមិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹងជាដាច់ខាត៕