(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៥៦៥នាក់ ប្រជុំផ្សព្វផ្សាយខ្លឹមសារសន្តិបាត គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្រៅពីសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៦៥នាក់ ក៏មានការចូលរួមពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោក ពេជ្រ កែវមុនី ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខណ្ឋមានជ័យ និងរួមនឹងមន្រ្តីជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ា សុជាតិវង្ស បានអំពាវនាវឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តយកចិត្តទុកដាក់ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទទួលបានភាពកក់ក្តៅជាងអាណត្តិមុន ដើម្បីឲ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។

លោក ប៉ា សុជាតិវង្ស បានលើកអរគុណដល់សមាជិកគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អកាលពីអាណត្តិមុនហើយសង្ឃឹមថា សមាជិកទាំងអស់នឹងបន្តការងារ របស់ខ្លួនបន្ថែមទៀតនៅអាណត្តិថ្មីនេះ ឲ្យបានកាន់តែប្រសើរ និងខ្លាំងក្លាទៀត។

ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សានូវសមិទ្ធផល ដែលកម្ពុជាទទួលបាននាពេលនេះ ពិសេសចូលរួមថែរក្សាឲ្យបាននូវសន្តិភាព សម្រាប់សង្គមជាតិទាំងមូល ដើម្បីឲ្យរាជរដ្ឋាភិបាល កាន់តែមានឱកាសអភិវឌ្ឍ ប្រទេសជាតិជាបន្ត ចំណែកប្រជាពលរដ្ឋកាន់អាចមានលទ្ធភាពធ្វើឲ្យជីវភាពប្រសើរឡើង និងរស់ប្រកបដោយសុភមង្គល៕