(កំពង់ស្ពឺ)៖ អនុវត្តតាមផែនការ ស្តីពីការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ និងគោរពតាមបញ្ជាដឹកនាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, នៅព្រឹកទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ ទទួលបន្ទុកការងារ មជ្ឈមណ្ឌល បណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ តំណាងឲ្យនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សា ការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានដឹកនាំសិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខាវគ្គពិសេស (ឆ្នាំ២០១៩) ចំនួន ២០០នាក់ ចុះអនុវត្តលំហាត់ហ្វឹកហ្វឺនជាក់ស្តែង មុខវិជ្ជាឋានលេខា និងផែនទី នៅទីលានហ្វឹកហ្វឺន របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានអាននូវរបាយការណ៍ស្វាគមន៏ និងរាយការណ៍ពីវឌ្ឍនៈភាពការងារ ជូនដល់គណៈអធិបតី។

ក្នុងឱកាសសំណេះសំណាល ជាមួយសិក្ខាកាមយោធា សាស្រ្តាចារ្យ យោធាចារ្យ នាយទាហានអគ្គលេខាធិការដ្ឋាន និងភ្ញៀវកិត្តិយសចូលរួមប្រមាណ៣៥០នាក់, លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានសំដែងនូវការកោតសរសើរ ដល់ការខិតខំរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហានអគ្គលេខាធិការដ្ឋាគាំទ្រដែលបានរួមគ្នាទាំងពេលនេះ និងពេលកន្លងទៅ ដោយសម្រេចបាននូវការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងប្រសិទ្ធិភាព និងជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ឲ្យបានសកម្មខ្លាំងក្លាថែមទៀត សម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ ហើយត្រូវធ្វើការដកពិសោធន៍, ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពការងារ, ប្រព័ន្ធការងារឹងមាំ, និងការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ។

លោកថា ការបណ្តុះបណ្តាលនេះ គឺពិតជាអាចដោះស្រាយបាន និងបំពេញបន្ថែម លើការអនុវត្តភារកិច្ចជំនាញរដ្ឋបាលឲ្យកាន់តែមានភាពល្អប្រសើរ ដែលជាតម្រូវការចំពោះមុខ មួយក្នុងការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃខឿនការពារជាតិ។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី បានសំដែងនូវក្តីគោរព និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានអនុញ្ញាតផ្តល់នូវទីលានហ្វឹកហ្វឺន និងថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ឈុន ឆេង នាយកមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើងគោក ចំពោះកិច្ចសហការឲ្យដំណើរហ្វឹកហ្វឺននេះ ប្រព្រឹត្តទៅបានល្អប្រសើរ។

លោកឧត្តមសេនីយ៏ឯក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម នាយទាហាន និងពលទាហានទាំងអស់ ត្រូវមានភាពស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឲ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពល ខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ និងត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលបង្កឡើង ដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឲ្យបានរហ័សបំផុត៕