(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួង កំពុងត្រៀមសាងសង់កំពង់ផែទឹកជ្រៅជម្រៅជា១៧ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដឹកទំនិញត្រង់ពីកម្ពុជាទៅសហរដ្ឋអាមេរិក។

ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើយដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «យើងកំពុងសិក្សាកសាងកំពង់ផែកុងតឺន័រមួយទៀត មានជម្រៅរហូតដល់១៤ម៉ែត្រកន្លះ [...] ម្យ៉ាងវិញទៀត យើងត្រៀមធ្វើមួយទៀតជម្រៅ១៧ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែរ ដើម្បីដឹកទំនិញត្រង់ៗតែម្ដងពីកម្ពុជា ទៅសហរដ្ឋអាមេរិក មិនបាច់ឆ្លងកាត់ទៅណាទេ»

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការសង់កំពង់ផែទឹកជ្រៅរហូតដល់១៤ម៉ែត្រកន្លះនេះ ត្រូវធ្វើឡើងដើម្បីឲ្យកប៉ាល់ធំៗ នាវាដែលកំពុងធ្វើដំណើរ នៅតាមតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រហែលជា៩៣ភាគរយ អាចចុះចតបានពេលដែលកម្ពុជា ធ្វើកំពង់ផែនេះហើយ។

លោក ស៊ុន ចាន់ថុល បានអះអាងថា សព្វថ្ងៃនេះកម្ពុជាដឹកទំនិញពីភ្នំពេញ អាចលើកចេញនៅផែប្រទេសសិង្ហបុរី ឬនៅហុងកុង ដែលធ្វើឲ្យមានការចំណាយច្រើន ដូច្នេះទើបក្រសួងសាធារណការ កំពុងសិក្សាជាមួយអង្គការ JICA ដែលជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីសាងសង់កំពង់ផែទឹកជ្រៅ ដើម្បីកុំឲ្យពឹងកំពង់ផែរបស់ប្រទេសផ្សេងទៀត ពោលគឺអាចឲ្យនាវាដឹកទំនិញទៅមកដោយផ្ទាល់តែម្តង។

សូមបញ្ជាក់ថា កំពង់ផែក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៦ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ៕