(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញពីការរីកចម្រើន របស់វិស័យដឹកជញ្ជូន តាមផ្លូវដែករបស់កម្ពុជា ហើយថារាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញវិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

ការបញ្ជាក់ពីរីកចម្រើន នៃការដឹកជញ្ជូនតាមផ្លូវដែកនេះ ដោយសារតែលោក ស៊ុន ចាន់ថុល មើលឃើញតួលេខនៃការដឹកជញ្ជូនតាមផ្លូវដែកនេះ មានកំណើនពីចំនួន៦៧១ពាន់តោននៅឆ្នាំ២០១៨ កើនឡើងដល់៨៤៦ពាន់តោន នៅឆ្នាំ២០១៩។

ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើយដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងឃើញមានការរីកចម្រើន ក្នុងការដឹកតាមផ្លូវរថភ្លើង ហើយយើងនឹងជំរុញឲ្យដឹកទំនិញធ្ងន់ៗ តាមផ្លូវរថភ្លើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង កាត់បន្ថយការខូចខាតផ្លូវរបស់យើងផង។ យើងឃើញមានការកើនឡើងមែន នៅឆ្នាំ២០១៨ ការដឹកទំនិញតាមរថភ្លើងមានចំនួន៦៧១ពាន់តោន កើនឡើងដល់៨៤៦ពាន់តោន»

លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាទើបបាននាំចូលក្បាលរថភ្លើងចំនួន១០គ្រឿង និងទូររថភ្លើង១១០គ្រឿងថែមទៀត ដើម្បីការធ្វើអាជីវកម្មតាមផ្លូវរថភ្លើងនេះ ឲ្យមានការរីកចម្រើនថែមទៀត។

វិស័យដឹកជញ្ជូនតាមផ្លូវដែក កម្ពុជាមានខ្សែរថភ្លើង២ខ្សែ ដែលខ្សែទី១ ផ្នែកខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ ត្រូវរាជរដ្ឋាភិបាលស្តារចប់សព្វគ្រប់ បាននិងកំពុងធ្វើអាជីវកម្មដឹកទំនិញ និងដឹកអ្នកដំណើរផងដែរ។ ចំពោះខ្សែទី២ ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត មានប្រវែង៣៨៦គីឡូម៉ែត្រ ក៏កំពុងដំណើរការដឹកជញ្ជូនផងដែរ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ចំពោះខ្សែរថភ្លើង ផ្នែកខាងជើង ពីភ្នំពេញទៅប៉ោយប៉ែត ក្រសួងនឹងត្រៀមពិភាក្សាគ្នាជាមួយក្រុមហ៊ុន Royal Railway ដែលកំពុងធ្វើអាជីវកម្ម ដើម្បីរកដៃគូជួយក្រុមហ៊ុននេះ ធ្វើយ៉ាងណាជំរុញឲ្យផ្លូវរថភ្លើងនេះ ឲ្យមានការរីកចម្រើនថែមទៀត។

លោក អ៊ុក អួក ប្រធាននាយកដ្ឋានផ្លូវដែកកម្ពុជានៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ទំនិញដែលកំពុង ដឹកជញ្ជូនតាមភ្លូវរថភ្លើងនៅកម្ពុជាមាន៖ គ្រឿងសំណង់ អង្ករ ផលិតកាត់ដែរសម្លៀកបំពាក់ និងប្រេងឥន្ធនៈ។

ដោយឡែកចំពោះការដឹកជញ្ជូនអ្នកដំណើរវិញ ត្រូវបានលោក អ៊ុក អួក បញ្ជាក់ផងដែរថា ក៏កំពុងមានការរីកចម្រើនផងដែរ៕