(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ នាវាទេសចរណ៍ Westerdam នឹងចាកចេញពីកំពង់ផែខេត្តព្រះសីហនុ ដើម្បីទៅលាងសម្អាត ហើយថ្ងៃអាទិត្យនឹងត្រឡប់មកវិញដើម្បីចាក់សាំង ត្រៀមចាកចេញទៅកាន់ប្រទេសផ្សេងទៀត។

ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើយដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្អែកនាវា Westerdam នេះនឹងចាកចេញពីកំពងផែយើងមួយថ្ងៃសិន ដើម្បីទៅលាងកប៉ាល់ឱ្យស្អាតសិន ហើយថ្ងៃអាទិត្យត្រឡប់ចូលមកវិញដើម្បីទទួលប្រេង យើងកំពុងរង់ចាំប្រេងពិសេស ចាក់ប្រេងឱ្យពេញកប៉ាល់ ហើយសម្រាក២ ទៅ៣ថ្ងៃ នឹងចាកចេញទៅប្រទេសផ្សេង គេកំពុងស្នើសុំ»

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុតបានទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចូលចតដោយសុវត្ថិភាព។

បើតាមលោក ស៊ុន ចាន់ថុល រហូតដល់ថ្ងៃទី២១ ខែកុម្ភៈនេះ អ្នកទេសចរតាមនាវា Westerdam គឺនៅដល់តែប្រមាណ១០០នាក់ទៀតប៉ុណ្ណោះ ពួកគេអាចនឹងចេញទៅទាំងអស់នៅយប់នេះ៕