(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីពិន័យឱ្យកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកបើកបរល្មើសច្បាប់។

ការប្រកាសគាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ចរាចរណ៍នេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំងទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។ ដូច្នេះ កងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធនាការលើកកម្ពស់ ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយ នៅទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រយ៉ាងដូច្នេះថា៖ «សម្តេចក្រឡាហោម លើកឡើងពីការកើនឡើងពីការគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែមករា និងការធ្លាក់ចុះគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈ តើមកពីអ្វី? សម្រាប់គិតថា វាមានកត្តាពីរ គឺកត្តាទី១៖ ក្នុងខែមករា គឺស្រវឹងច្រើន ប៉ុន្តែរឿងនោះវាជារឿងមួយហើយ តែរឿងពង្រឹងការអនុវត្តច្បាប់ ទើបជាបញ្ហាពិតប្រាកដ អញ្ចឹងទេខ្ញុំស្នើឱ្យយកចិត្តទុកដាក់ នូវវិធានការណ៍ទាំងឡាយដែលយើងត្រូវប្រកាន់យកទៅថ្ងៃមុខ ទៅលើការពង្រឹងការអនុវត្តច្បាប់ ដោយរាប់ទាំងវិធានការណ៍នានា ដែលដាក់ចេញសម្រាប់ដំណើរការទៅមុខ កែវិសោធនកម្មច្បាប់បានក៏ធ្វើទៅ ធ្វើអ្វីបានក៏ធ្វើទៅ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់សមត្ថកិច្ចដែលអ្នកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវឱ្យមានការពិន័យប្រាក់កាន់តែច្រើន រហូតដល់ដកហូតបណ្ណបើកបរ នៅពេលដែលអ្នកបើកបរបំពានច្បាប់។ បន្ថែមពីនេះ សម្តេចក៏បានឱ្យមន្ត្រីជំនាញពិភាក្សាគ្នាផងដែរ លើការកាត់សិទ្ធិបើកបរចំពោះអ្នកបើកណាដែលបង្កបទល្មើសជាច្រើនដងមិនរាងចារ បើមិនធ្វើដូច្នេះទេ ជនបង្កឱ្យមានល្មើសច្បាប់នឹងនៅតែបន្តបំពានច្បាប់ ព្រោះជនបង្កទាំងនោះអាងទៅលើទឹកប្រាក់របស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា វិធានការដាក់ពិន័យកាន់តែធ្ងន់ធ្ងរនេះ មិនមែនជាការដាក់ទណ្ឌកម្មសម្រាប់អ្នកបើកបរនោះទេ តែជាការការពារអាយុជីវិតរបស់ពួកគេ តែប៉ុណ្ណោះ។ សម្តេចតេជោក៏បានណែនាំឱ្យអនុវត្តន៍តឹងរឹងផងដែរ ចំពោះអ្នកមិនពាក់មួកសុវត្ថិភាព នៅពេលបើកបរ ហើយការគាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ចរាចរណ៍នេះ មិនមែនសម្តេចចង់ដាក់ទណ្ឌកម្ម ចំពោះប្រជាពលរដ្ឋខ្លួនឯងនោះទេ គឺធ្វើនេះ ដើម្បីការពារសុវត្ថិភាព និងជីវិតរបស់ប្រជាពលរដ្ឋដោយសារតែអ្នកបើកបរមួយចំនួនបង្កឱ្យមានបទល្មើសច្រើនដងពេក។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើឱ្យពន្លឿនទៅលើវិធានការណ៍ទាំងឡាយដែលត្រូវធ្វើបន្ទាន់ ដូចជាអ្នកបើកបរម៉ូតូអត់មានមួកសុវត្ថិភាព ត្រូវផាកពិន័យអ្នកបើកបរនោះ ដោយឱ្យពួកគាត់ទៅយកមួកពាក់ ដោយនិយាយ និងបញ្ចេញកាយវិការសមរម្យទៅកាន់ប្រជាពលរដ្ឋ ដើម្បីរក្សាភាពថ្លៃថ្នូរ ក្នុងនាមជាមន្ត្រីរាជការ អ្នកអនុវត្តច្បាប់ ជាពិសេសត្រូវទុកដាក់ម៉ូតូឱ្យបានត្រឹមត្រូវមិនឱ្យបានបង់របស់របរ ដូចជាគ្រឿងម៉ូតូរបស់អ្នកបើកបរជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែលថា ប្រជាពលរដ្ឋកម្ពុជា ស្លាប់ជាមធ្យម ៥.៥នាក់ ក្នុងមួយថ្ងៃ ហើយចំនួនអ្នកស្លាប់នេះ មានច្រើនជាងពេលដែលប្រទេសកម្ពុជា មានសង្គ្រាមទៅទៀត កាលនៅក្នុងសម័យដែលកម្ពុជា កំពុងមានសង្គ្រាមមានថ្ងៃខ្លះអត់មានមនុស្សស្លាប់នោះទេ ដូច្នេះ ការស្លាប់បាត់ជីវិតមនុស្សដោយសារគ្រោះថ្នាក់ចរាចរណ៍ មានស្ថានភាពធ្ងន់ធ្ងរណាស់ គឺត្រូវតែរកវិធីដើម្បីដោះស្រាយសម្រាប់ប្រជាពលរដ្ឋ៕