(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដាក់ចេញនូវការងារអាទិភាពចំនួន៨ចំណុចដល់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខិតខំយកចិត្តទុកដាក់ឲ្យមានប្រសិទ្ធភាព នៅឆ្នាំ២០២០នេះ និងឆ្នាំបន្តបន្ទាប់ទៀត។

ការដាក់ចេញការងារអាទិភាពនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីកម្ពុជាដោះស្រាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមទាំងឡាយ នៅឆ្នាំ២០២០ និង បណ្តាឆ្នាំខាងមុខទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមផ្តល់នូវគោលការណ៍ណែនាំ លើការងារសំខាន់ៗមួយចំនួន ដែលក្រសួងមហាផ្ទៃ និង រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានដូចខាងក្រោម៖

ទី១៖ ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និងការប្រកប ឤជីវកម្មនៅកម្ពុជា, ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជាទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទី២៖ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មផុសផុល ដើម្បីជំរុញចលនាប្រជាជន ចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់ និងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់៘

ទី៣៖ អំពីបញ្ហាចរាចរណ៍ដោយសារឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស ។ ដូច្នេះ, កងកម្លាំងនគរបាលជាតិ ឤជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធនាការលើកកម្ពស់ ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឱ្យបានកាន់តែទូលំទូលាយ នៅទូទាំងប្រទេស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

ទី៤៖ ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានា ទាក់ទងនឹងកិច្ចការអន្តោប្រវេស្ត ដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គម តាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេស អន្តោប្រវេសន្តស្របតាមច្បាប់។

ទី៥៖ ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវករាកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយ កម្មវិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការ ដោយរលូន និងមានប្រសិទ្ធភាព ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ភាពជាម្ចាស់ ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែងប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជន នៅតាមមូលដ្ឋាន សំដៅជំរុញលើកទឹកចិត្តការចូលរួម របស់ប្រជាជនក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន។

ទី៦៖ ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើជាក់ស្តែងថ្មីៗ ជាពិសេសសេវាសង្គមសេវារដ្ឋបាល សេវាសន្តិសុខ និងសេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដែលញក់ព័ន្ធជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។

ទី៧៖ តាមការព្យាករណ៍ឆ្នាំនេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សា នឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន តាមមូលដ្ឋាននីមួយៗ ដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា, ត្រូវអប់រំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ចូលរួមបង្ការអគ្គិភ័យ មកលើផ្ទះសម្បែង, ចម្ការដំណាំនានា និងចូលរួមបង្ការទប់ស្កាត់ ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានា នៅរដូវប្រាំងក្តៅហួតហែងនេះ។

ទី៨៖ ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈម និង សំណូមពរទាំងឡាយរបស់ប្រជាជន ឱ្យបានសមស្រប និងទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំញេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, កងកម្លាំងនគរបាលជាតិ, មន្ត្រីរាជការស៊ីវិល និង រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានរួមគ្នាអនុវត្តសម្រេចបានសមិទ្ធផលនានាជាច្រើន គួរជាទីមោទនៈកាលពីឆ្នាំ ២០១៩កន្លងមក។ ខ្ញុំជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តពុះពារសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ និង បណ្តាឆ្នាំខាងមុខទៀត»។

សម្តេចនាយកដ្ឋមន្ត្រីបានលើកឡើងថា បញ្ហាប្រឈមសកលនៅឆ្នាំ២០២០នេះ មានភាពស្មុគ្រស្មាញ ទាំងការប្រែប្រួលឤកាសធាតុ, អំពើភេរវកម្ម, បញ្ហាជនភៀសខ្លួន, ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងថ្មីៗនេះ គឺការផ្ទុះឡើងនៃមេរោគ COVID-19 បាននិងកំពុងជះឥទ្ធិពល, ទាំងការឆ្លងមេរោគ និងជំងឺភ័យខ្លាច ដល់តំបន់ជាច្រើន នៅក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ទន្ទឹមនេះក៏មានការឆ្លៀតឱកាសប៉ុនប៉ងធ្វើបដិវដ្តពណ៌ និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាព ដែលកំពុងមាន និង ដែលរកបានមកដោយលំបាក។

ដោយសារបញ្ហាប្រឈមទាំងនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ សំខាន់ៗ៤ ដែលត្រូវពុះពារសម្រេចឱ្យបានគឺ៖

ទី១៖ បន្តប្តូរផ្តាច់ការញរ និងថែរក្សាឱ្យបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាននៅកម្ពុជា។

ទី២៖ បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព អត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ជាតិ និងការកសាងភាពសុខដុមរមនា ជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិយើង។

ទី៣៖ បន្តអប់រំប្រជាជនឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយនៅកម្ពុជា ត្រូវពង្រឹង និងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងស្មើភាពគ្នា។

ទី៤៖ លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាង ក្នុងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, កងកម្លាំងនគរបាលជាតិ, មន្ត្រីរាជការស៊ីវិល និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ នៅថ្នាក់ ក្រោមជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រួមគ្នាពុះពារសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនជាតិមាតុភូមិ និងប្រជាជន៕