(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News បានអំពាវនាវដល់អង្គភាពកងវិស្វកម្ម សូមជួយពន្លឿនការជួសជុល ផ្លូវឡើងច្រកតំបន់ព្រំដែនអានសេះ ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង កាលពីរដូវវស្សាឆ្នាំកន្លងទៅឲ្យបានលឿនផង ព្រោះរដូវវស្សាថ្មីជិតចូលមកដល់ហើយ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរស់នៅភូមិអានសេះ បានសម្តែងនូវក្តីកង្វល់ ចំពោះផ្លូវដែលបាក់ស្រុតឡើងច្រកព្រំដែននេះ ខណៈរហូតមកដល់ពេលនេះហើយ នៅមិនទាន់ជួសជុលហើយទៀត។

ក្រុមប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដឹកជញ្ជូនដឹកទំនិញឡើងចុះច្រកព្រំដែនអានសេះ បាននិយាយឲ្យដឹងថា កាលពីផ្លូវនេះរងការបាក់ស្រុតភ្លាម អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីពិនិត្យផ្ទាល់ភ្លាមៗ ធ្វើឲ្យពួកគាត់សប្បាយចិត្តណាស់ ព្រោះបន្ទាប់ពីលោកអភិបាលខេត្តចុះពិនិត្យរួច ផ្លូវត្រូវចាប់ផ្តើមជួសជុលវិញ។ ប៉ុន្តែគ្មានដំណឹងថា ជួលជុលរួចឡើយ រហូតមកដល់សព្វថ្ងៃនេះ។

ទាក់ទងនឹងបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តមួយរូប បានបញ្ជាក់ឲ្យដឹងថា ផ្លូវឡើងច្រកអានសេះនេះ ខាងកងវិស្វកម្មមិនទាន់បានប្រគល់មកឲ្យខេត្ត ជាអ្នកគ្រប់គ្រងនៅឡើយទេ។ ក្នុងនាមអាជ្ញាធរខេត្តលោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យភ្លាមៗ តាមទីតាំងដែលរងការវាយប្រហារដោយទឹកជំនន់ទឹកភ្លៀង។ រហូតមកដល់ថ្ងៃនេះផ្លូវជាច្រើនខ្សែ ដែលគ្រប់គ្រងដោយខេត្ត ដែលរងការខូចខាតដោយចំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួសជុលឡើងវិញអស់ហើយ។

ដោយឡែក ផ្លូវឡើងទៅច្រកព្រំដែនអានសេះ ដែលរងការបាក់ស្រុតប្រហែល ៣០ម៉ែត្រនេះ អាជ្ញាធរខេត្តកំពុងជំរុញទៅខាងកងវិស្វកម្មឲ្យជួសជុល រួចរាល់មុនចូលឆ្នាំខ្មែរ៕