(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ការឈឺឆ្អឹងខ្នង ភាគច្រើនតែងតែកើតឡើងចំពោះមនុស្សវ័យចំណាស់ មនុស្សធាត់ និងអ្នកអង្គុយធ្វើការយូរម៉ោង។ ម្យ៉ាងវិញទៀត ការគេងលើពូក ការអង្គុយឱនខ្លាំងពេក និងការលើករបស់ធ្ងន់ ក៏ជាមូលហេតុធ្វើឱ្យមានការឈឺចាប់ឆ្អឹងខ្នងផងដែរ។

ហេតុអ្វី? ព្រោះនៅក្នុងឆ្អឹងខ្នងយើងមានសរសៃវិញ្ញាណ ដែលតភ្ជាប់មកពីខួរក្បាល ដែលវាមានរន្ធមួយចុះមក ហើយក្នុងរន្ធហ្នឹងវាមានសរសៃថាស (Disk) នៅខាងក្រោយ ដូច្នេះជួនកាលយើងលើករបស់អ្វីធ្ងន់ខ្លាំងពេក វាធ្លាយអាថាសហ្នឹងមកសង្កត់លើសរសៃវិញ្ញាណហ្នឹងធ្វើឱ្យយើងស្ពឹក និងឈឺឆ្អឹងខ្នងតែម្ដង។

ជាទូទៅ ការឈឺឆ្អឹងខ្នងបើសិនស្ថានភាពជំងឺស្ថិតក្នុងកម្រិតស្រាល យើងអាចព្យាបាលតាមរយៈការលេបថ្នាំ ឬចាក់ថ្នាំបំបាត់ការឈឺចុកចាប់បាន ប៉ុន្តែបើសិនស្ថានភាពជំងឺមានលក្ខណៈធ្ងន់ធ្ងរយើងចាំបាច់ត្រូវតែធ្វើការវះកាត់។ ការព្យាបាលដោយការវះកាត់មាន២ ប្រភេទ គឺប្រភេទតូច និងប្រភេទធំ។ ប្រភេទធំ គឺត្រូវវះកាត់ចាប់ ឫសជាប់ក្នុងឆ្អឹង (ដាំបង្គោល) ចំណែកប្រភេទតូច គឺវះកាត់ធម្មតា ដោយមិនចាំបាច់ចាប់ឫសជាប់ក្នុងឆ្អឹងឡើយ។

បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី យើងអាចបង្ការជំងឺនេះបាន ដោយអនុវត្តន៍នូវចំណុចមួយចំនួនដូចជា៖

១៖ មិនត្រូវអង្គុយធ្វើការយូរម៉ោងពេកទេ
២៖ ត្រូវអង្គុយត្រង់ខ្លួន កុំអង្គុយឱនឱ្យសោះ
៣៖ កុំគេងលើពូក ត្រូវគេងលើគ្រែ
៤៖ កុំជក់បារី
៥៖ កុំលើករបស់ធ្ងន់ តែបើលើកត្រូវប្រើកម្លាំងក្បាលជង្គង់ កុំប្រើកម្លាំងក្បាលពោះ
៦៖ ឧស្សាហ៍ហាត់ប្រាណ ព្រោះវាជួយធ្វើឱ្យក្បាលពោះយើងរឹង។ កាលណាក្បាលពោះរឹងយើងអង្គុយទៅវាទប់ បើទប់នោះឆ្អឹងខ្នងយើងមិនកោងទេ ហើយថាស (Disk) ក៏មិនធ្លាក់លើសរសៃវិញ្ញាណដែរ។ មើលតែអ្នកមានសាច់ដុំក្បាលពោះ៦ផ្នត់ (six-pack) ទៅដឹងហើយ ពួកគាត់កម្រឈឺឆ្អឹងខ្នងណាស់។ អ្នកដែលឧស្សាហ៍ឈឺឆ្អឹងខ្នង ច្រើនតែជាអ្នកដែលមានក្បាលពោះធំ ឬក្បាលពោះស្អុយ។

ប្រសិនបើមានអាការៈឈឺចុកចាប់ឆ្អឹងខ្នង អ្នកជំងឺគួរប្រញាប់រួសរាន់ ទៅកាន់មន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យជំនាញធ្វើការពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ ចៀសវាងបណ្ដែតបណ្ដោយទុករហូតដល់ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរក្លាយទៅជាជំងឺឈឺឆ្អឹងខ្នងរ៉ាំរ៉ៃឱ្យសោះ៕