(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសេចក្តីជូនដំណឹង ស្ដីពី ការបំផុសស្មារតីថែទាំសុខភាព និងបង្ការរោគឆ្លងនានា ក្នុងគោលបំណង ចូលរួមទប់ស្កាត់ហានិភ័យ នៃការរីករាលដាលវីរុស និងរោគឆ្លងនានា ដែលអាចកើតមានជាយថាហេតុ។

សេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងសូមធ្វើការជូនដំណឹង ដល់គ្រប់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការទាំងអស់ មេត្តាចូលរួមសហការ អនុវត្តនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១៖ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន តាមរយៈការលាងដៃជាមួយអាល់កុលឲ្យបានញឹកញាប់ ជាអាទិ៍ និងវិធានការណ៍ការពារខ្លួនដទៃទៀត ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងស្ថានភាព នៃការរាតត្បាត នៃជំងឺឆ្លងនានា និងវិធីការពារខ្លួន ក៏ដូចជាព្យាបាលបានទាន់ពេលវេលា។

២ ៖ តាមដានជាប្រចាំ ឬអាការៈរបស់ខ្លួន ដែលមានលក្ខណៈមិនប្រក្រតី ឬមានការសង្ស័យ ក្នុងប្រការណាមួយ។ ក្នុងករណីមន្ត្រីទាំងឡាយណា មានអាការៈក្ដៅខ្លួន ឬរោគសញ្ញាសង្ស័យពាក់ព័ន្ធ, ត្រូវទៅពិនិត្យសុខភាពជាបន្ទាន់ ដោយជូនដំណឹងមកអង្គភាព ដើម្បីសុំការអនុញ្ញាតច្បាប់ឈប់សម្រាកទៅតាមករណីជាក់ស្តែង។

៣៖ គ្រប់អង្គភាពត្រូវលើកកម្ពស់កិច្ចការពារការឆ្លង ក្នុងស្មារតីបុរេសកម្ម ដោយរៀបចំឲ្យមានជាប្រចាំនូវឧបករណ៍ និងសម្ភារៈបង្ការការឆ្លង ដូចជា ទឹកអាល់កុលលាងដៃ ដើម្បីបម្រើឲ្យមានការប្រើប្រាស់តាមអង្គភាពរៀងៗខ្លួន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច៖