(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំនាយទាហាន នាយទាហានរង នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហានរបស់បណ្តាប្រទេសជាតិមិត្ត ដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាជាង ៣០០នាក់ រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»។

ពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»នេះ ត្រូវរៀបចំសហការដោយក្រសួងការពារជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ យ៉ាងច្រើន នៅសាកលវិទ្យាល័យការពារជាតិ។

លោកស្រី ដាំ ដារីនី បានថ្លែងថា ការបរិច្ចាគឈាមនេះចង់បង្ហាញពីការសាមគ្គី និងការចូលរួមការងារសង្គម ជាពិសេសរួមចំណែក ក្នុងការជួយជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាមចំបាច់។ តាងនាមឱ្យក្រសួងការពារជាតិ សូមពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនដល់បងប្អូនទាំងអស់ក្នុងពេលនេះ។

ការស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនេះ បានបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនយោធិននៃកងយោធពលខេមរភូមិន្ទ ក្រៅពីការងារស្នូល ដែលជាកម្លាំងដ៏មុតស្រួច ក្នុងកិច្ចការពារជាតិ និងកសាងមាតុភូមិ បានចូលរួមក្នុងកិច្ចការងារសង្គម ជាពិសេសក្នុងបរិច្ចាគឈាម ក្នុងថ្ងៃនេះ គឺបានកើតឡើង ពីការស្ម័គ្រចិត្តពិតប្រាកដ របស់បងប្អូនប្រកបដោយមនុស្សធ៌ម។

លោកស្រី ដាំ ដារីនី បានបន្តថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀត វាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាទង្វើប្រកបដោយមនុស្សធម៌ ដែលឆ្លើយតបទៅនឹងតម្រូវការ សង្គមយ៉ាងពិតប្រាកដ។ អំណោយឈាមរបស់បងប្អូនក្នុងថ្ងៃនេះ គឺអាចជួយសង្គ្រោះដល់ជីវិតអ្នកជំងឺបានទាន់ពេលវេលា ជាពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចជាជំងឺទាក់ទិននឹងការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និង ក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោមនិងការព្យាបាលថែទាំជំងឺមហារីក ជាដើម។

រដ្ឋលេខាធិការក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ការបរិច្ចាគឈាមរបស់បងប្អូនក្នុថ្ងៃនេះ មិនត្រឹមតែជាការជួយដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមប៉ុណ្ណោះទេ គឺបងប្អូននឹងទទួល បានការពិនិត្យសុខភាពពោល គឺអ្នកបរិច្ចាគឈាមទទួលបានការ ពិនិត្យរាងកាយនឹងអាចដឹង ពីកម្រិតសម្ពាធឈាមកម្រិតកូឡេស្តេរ៉ូល ការវិភាគឈាម ដែលជាកត្តាសំខាន់ទាំងពីរ ក្នុងការរក្សាសុខភាព និងដើម្បីប្រាកដថាឈាម អាចប្រើសម្រាប់ការបរិច្ចាគបាន៕