(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារហង្សមាសគ្រុប និងស្ទូឌីយូភ្លោះ របស់ទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ ព្រែកឯង រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ខែ១៩ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ លោក អ៉ឹង ឆៃនួន អគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩០ គឺអាជីវកម្មរបស់ខ្លួនបានជួលកាសែតវី ដេអូតូចៗ។ នៅឆ្នាំ១៩៩៤ បានពង្រីកខ្លួនបើកជាផលិតកម្មហង្សមាស រួចបន្តបង្កើតជាស្ថានីយ៍វិទ្យុចំនួន២បន្ថែមទៀត។ ឆ្នាំ២០១១ ក្រុមហ៊ុនក៏សម្រេចបង្កើត ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា HD ដំបូងគេនៅកម្ពុជា រហូតដល់ឆ្នាំ២០១៤ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាបលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុនក៏បានសម្រេចចិត្តបង្កើតស្ថានីយ៍ ទូរទស្សន៍មួយទៀតឈ្មោះ រស្មីហង្សមាស HDTV ដើម្បីបំពេញសេចក្តីត្រូវការប្រិយមិត្ត។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថា៖ អគារទំនើបដ៏ធំមានកំពស់៩ជាន់ រួមមានស្ទូឌីយោភ្លោះ សាលប្រជុំ ការិយាល័យ អាហារដ្ឋាន និងលំនៅដ្ឋានដែលសម្ភោធដាក់ឲ្យដំណើរការនាថ្ងៃនេះ គឺជាសមិទ្ធផលបានមកពីការ ខិតខំចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន ហង្សមាសគ្រុប ដែលជាវិស័យឯកជនក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់នៃសុខសន្តិភាព។ ដូច្នេះស្ទូឌីយោថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាសនេះ ពិតជាចូលរួមជម្រុញបន្ថែមទៀត ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈការអប់រំការផ្សព្វផ្សាយច្បាប់ និងចំណេះដឹងផ្សេងៗ។

ទទ្ទឹមនឹងជោគជ័យ និងទទួលបានគាំទ្រយ៉ាងណាក៏ដោយ លោកជំទាវក៏បានសំណូមពរឲ្យក្រុមហ៊ុនត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀតលើ៖

ទី១៖ ត្រូវផ្សាយកម្មវិធីនានាប្រកបដោយគុណភាព និងផ្សាយព័ត៌មាន ដែលមានខ្លឹមសារបំរើដល់ប្រយោជន៍ជាតិដោយវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាង ការលំអៀង។

ទី២៖ តាមរយៈនូវការផ្សព្វផ្សាយព័ត៌មានពិត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និងស្នើឲ្យអ្នកគ្រប់គ្រងកម្មវិធីផ្សាយត្រូវបន្ត ច្នៃប្រឌិតបង្កើត និងជាវកម្មវិធីល្អៗថ្មីៗថែមទៀតដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ទស្សនិកជនផង។

ទី៣៖ សូមជួយយកចិត្តទុកដាក់ដល់ការលើកស្ទួយវប្បធម៌ និងសីលធម៌ប្រពៃណីជាតិយើងតាមរយៈកម្មវិធីនានា និងការបង្ហាញសម្លៀកបំពាក់និងអាកប្បកិរិយា នៃពិធីករ ពិធីការិនី សិល្បករ និងសិល្បការិនី តារាចម្រៀង និងតារាសម្តែង៕