(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា «សូមកុំភ័យខ្លាចចំពោះវីរុសកូរ៉ូណា រហូតដល់មិនគិតអំពីជីវភាពប្រចាំថ្ងៃរបស់ខ្លួន ព្រោះជាធម្មតាជំងឺតែងតែកើតមាន ប៉ុន្ដែបើយើងគិតអំពីអាជីវកម្មធម្មតា គឺមិនអាចឲ្យមករាំងស្ទះ ដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃបានឡើយ ព្រោះអ្នកទាំងអស់គ្នាត្រូវការរស់, មានប្រាក់ចំណូល ដើម្បីចិញ្ចឹមអ្នកនៅក្នុងបន្ទុក»។

លោកបណ្ឌិតបញ្ជាក់ទៀតថា មួយវិញទៀតទន្ទឹមនឹងជំងឺនេះកើតឡើង វិធីបង្ការអំពីជំងឺនេះក៏ត្រូវបានផ្នែកឯកជន រាជរដ្ឋាភិបាល បានធ្វើការណែនាំ តាមបែបវិទ្យាសាស្រ្ដដល់គ្រប់គ្នាឲ្យបានដឹង និងចូលរួមបង្ការទាំងអស់គ្នាផងដែរ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៉ិន ចាន់នី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងរបស់ ធនាគារអេស៊ីលីដា» នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោកបណ្ឌិតឲ្យដឹងថា «យើងមិនអាចយកព័ត៌មានអំពីជំងឺឆ្លងនេះ រហូតដល់មិនអាចប្រកបអាជីវកម្មបានឡើយ ព្រោះយើងមិនអាចនឹងបិទទ្វារហាងទេ ចំពោះអាជីវកម្មធម្មតា ហើយចំពោះជីវភាពប្រចាំថ្ងៃមិនមែនខ្លាច រហូតដល់មិនហ៊ានចេញក្រៅផ្ទះនោះឡើយ យើងត្រូវតែធ្វើជំនួញ យើងត្រូវធ្វើការ និងមានកាតព្វកិច្ចច្រើនយ៉ាង ដើម្បីចិញ្ចឹមអ្នកនៅក្នុងបន្ទុកជាដើម»

លោកបណ្ឌិតបានបញ្ជាក់ថា «ខ្ញុំមិនមែនអ្នកវិទ្យាសាស្រ្ដនោះឡើយ ខ្ញុំជាប្រជាពលរដ្ឋធម្មតា ប៉ុន្ដែយើងមានវិធានការដើម្បីបង្ការរៀងៗខ្លួន។ នេះក៏អាចជាក្ដីកង្វល់បន្ដិចដែរ ប៉ុន្ដែមិនមែនមានន័យថា ខ្វល់រហូតដល់មិនត្រូវធ្វើអ្វីនោះឡើយ យើងនៅតែបន្ដធ្វើអាជីវកម្ម»

លោកបណ្ឌិតបន្ថែមថា បើនិយាយអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ របស់ធនាគារអេស៊ីលីដា យើងមិនទាន់ដឹងថា តើមានផលរំខានអំពីជំងឺនេះប៉ុណ្ណោនោះទេ ព្រោះយើងពុំទាន់បានបោះផ្សាយនោះឡើយ ព្រោះបច្ចុប្បន្នកំពុងស្ថិត ក្នុងដំណាក់កាលរៀបចំប៉ុណ្ណោះ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ បន្ទាប់ពីធនាគារនេះ បានទទួលលិខិតពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យបន្តគម្រោង បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ នៅកម្ពុជា។

ធនាគារអេស៊ីលីដា នឹងក្លាយជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)៕