(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានផ្តល់នូវអនុសាសន៍ចំនួន៨ចំណុច ដើម្បីឲ្យអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ពង្រឹងការអនុវត្តន៍ ដោយក្នុងនោះមានអនុសាសន៍មួយ បានបញ្ជាឲ្យអគ្គនាយកដ្ឋាននេះ ចាត់វិធានការទាំងផ្លូវច្បាប់ ចំពោះការនាំចូលសត្វតាមព្រំដែនខុសច្បាប់។

លោក វេង សាខុន ជំរុញឲ្យអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វត្រូវ «ពង្រឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រងចលនាសត្វ ផលិតផលមានដើមកំណើតពីសត្វ ស៊ុត ចេញ ចូល និងនាំឆ្លងកាត់ តាមដានព័ត៌មានស្តីពីស្ថានភាពជំងឺឆ្លងសត្វ នៅប្រទេសជិតខាង ជាពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយចាត់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសឱ្យខាងតែបាន និងទាន់ពេលវេលា មានប្រសិទ្ធភាពចំពោះការនាំចូលសត្វតាមព្រំដែនខុសច្បាប់»។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ។

ជាមួយគ្នានេះ អនុសាសន៍ចំនួន៧ទៀត ត្រូវបានលោករដ្ឋមន្ត្រី វេង សាខុន ដាក់ឲ្យអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ពង្រឹងការអនុវត្តន៍រួមមាន៖

ទី១៖ ត្រូវបន្តពង្រឹងការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសហលក្ខន្តិកៈមន្រ្តីរាជការ ពង្រីងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវ ពង្រឹង និងព្រីកសមត្ថភាពបន្ថែម។
ទី២៖ ត្រូវបន្តពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពមន្ទីរពិសោធន៍។
ទី៣៖ ត្រូវបន្តពង្រឹងការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលតកម្មសត្វ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់។
ទី៤៖ យកចិត្តទុកដាក់ជំរុញការងារផលិតកម្មសត្វ ជ្រើសរើស បង្កាត់ និងផ្លាស់ប្តូរពូជសត្វ ពិសេសសត្វគោតាមរយ:ការបង្កាត់សប្បនិម្មិត, បន្តចុះបញ្ជីកសិដ្ឋានចិញ្ចឹមសត្វ និងត្រូវធ្វើបច្ចុប្បន្នភាពពេទ្យ សត្វភូមិ, ជំរុញផលិតកម្មសំណីសត្វ ដំណាំចំណីសត្វ ការចុះបញ្ជី និងពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រង ការធ្វើអាជីវកម្មចំណីសត្វ សារធាតុផ្សំ បសុឱសថ និងវាក់សាំង។
ទី៥៖ លើកកម្ពស់សុខភាពសត្វ តាមរយ:ការចាក់ថ្នាំការពារជំងឺឆ្លង ការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋាន និងនៅ កន្លែងផ្ទុះជំងឺផ្ទាល់ រួមទាំងពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសាច់ ផលិតផលសាច់ និងស៊ុត។
ទី៦៖ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ទាន់ពេលវេលា និងតម្លាភាព គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគ។
ទី៧៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពលើការអនុវត្តច្បាប់ និងបច្ចេកទេស និងកៀរគរជំនួយពីគ្រប់មជ្ឃដ្ឋាន៕