(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្នុងឱកាសដែលលោកបានជួប សំណេះសំណាលជាមួយភ្ញៀវទេសចររបស់នាវា Westerdam ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារសុខាភ្នំពេញ ដើម្បីរង់ចាំហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួននោះ ភ្ញៀវទាំងអស់នោះបានកោតសរសើរមិនដាច់ពីមាត់ នូវការធ្វើបដិសណ្ឋារកិច្ច ដ៏កក់ក្តៅរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបន្ថែមថា អ្វីដែលពិសេសជាងនេះទៀតនោះ ដើម្បីកំដរការអផ្សុកក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការសម្តែងរបាំប្រពៃណីរបស់ខ្មែរ ជូនពួកគាត់បានទស្សនា។ បន្ទាប់ពីបានទស្សនាហើយ អ្នកទេសចរទាំងនោះ បានស្ងើចសរសើរមិនដាច់ពីមាត់ និងបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំនេះ។

លោក ថោង ខុន បានបញ្ជាក់ថា «ទេសចរកប៉ាល់ Westerdam ដែលសំរាកនៅសណ្ឋាគារពួកគាត់សប្បាយចិត្ត និងអរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់យើង និងកោតសរសើរសិល្បៈយើងណាស់»។

លោករដ្ឋមន្ត្រីបន្ថែមថា ចំពោះភ្ញៀវទេសចររបស់នាវា WESTERDAM ចុងក្រោយចំនួន២៣៣នាក់ ដែលចេញពីខេត្តព្រះសីហនុ ទើបមកដល់រាជធានីភ្នំពេញ នៅម៉ោងប្រមាណ៧យប់នេះ ដោយសារពួកគាត់មានភាពហត់នឿយខ្លាំង ទើបមិនសម្តែងសិល្បៈជូនពួកគាត់ទស្សនា ប៉ុន្តែនៅថ្ងៃស្អែកនឹងរៀបចំសម្តែងជូនគាត់ទស្សនាទៀត ចាប់ពីម៉ោង៤រសៀល។

បើតាមលោក ថោង ខុន ដោយទទួលព័ត៌មានពីលោក Orlando ប្រធានក្រុមហ៊ុនកប៉ាល់ Westerdam បានឲ្យដឹងថា នៅល្ងាចថ្ងៃស្អែក ភ្ញៀវនឹងចេញពីសណ្ឋាគារសុខា ប្រមាណ៤០០នាក់ទៀត នឹងហោះហើរតាមគោលដៅនៃប្រទេសមួយចំនួន ដើម្បីធ្វើដំណើរទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន៕