(ភ្នំពេញ)៖ អ្នកទេសចរណ៍ចុងក្រោយរបស់នាវា WESTERDAM ចំនួន ២៣៣នាក់ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ មកដល់សណ្ឋាគារ សុខា ក្នុងរាជធានីភ្នំពេញហើយ ដើម្បីត្រៀមបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេស របស់ពួកគេរៀងៗខ្លួននៅថ្ងៃស្អែក ក្រោយពួកគេទាំងនោះ ត្រូវបានពិនិត្យសុខភាពពុំឃើញមានមេរោគ Covid-19។

អ្នកទេសចរណ៍របស់នាវា WESTERDAM ២៣៣នាក់ចុងក្រោយនេះ បានចាកចេញពីនាវានៅឯកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រោមការទទួលស្វាគមន៍ និងជូនដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អូឡែនដូ អាសហ្វ៊ដ (Orlando Ashford) នាយកនាវា Westerdam ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ពេលធ្វើដំណើរមកដល់សណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជា របាំអប្សរា របាំប្រពៃណីជូនពួកគាត់ ទស្សនាកំសាន្ត រួមជាមួយក្រុមភ្ញៀវមកមុន ដែលកំពុងសម្រាកនៅទីនោះស្រាប់ផងដែរ ដើម្បីបំបាត់កែអផ្សុក។

បើតាមលោករដ្ឋមន្រ្តី ថោង ខុន ការរៀបចំឲ្យមានទស្សនីយភាពសិល្បៈ ជូនភ្ញៀវទេសចររបស់នាវា Westerdam នេះបន្ថែមលើកការរៀបចំដំណើរកម្សាន្តដោយរដ្ឋបាលរាជធានីភ្នំពេញ ជូនពួកគាត់បានទស្សនាទីក្រុងភ្នំពេញដ៏ស្រស់បំព្រង។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សំរាប់ភ្ញៀវទេសចរកប៉ាល់ Westerdam ដែលសំរាកចាំជើងយន្តហោះនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបំបាត់កែអផ្សុក ក្រៅពីរដ្ឋបាលក្រុង បានរៀបចំឲ្យពួកគាត់ខ្លះបានទៅទស្សនាទីក្រុង, ក្រសួងទេសចរណ៍បានចែកសៀវភៅផ្សព្វផ្សាយទេសចរណ៍ ហើយល្ងាចនេះយើងក៏នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជា របាំអប្សរា របាំប្រពែណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារផងដែរ»

ចំណែកអ្នកបម្រើការងារនៅលើនាវាចំនួន ៧៤៧នាក់ នឹងធ្វើដំណើរត្រឡប់ទៅវិញតាមកប៉ាល់ Westerdam ឆ្ពោះទៅកាន់ហ្វីលីពីនវិញ។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។

ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕