(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសារជូនពរអ្នកដំណើរចុងក្រោយទាំង ២៣៣នាក់ នៃនាវា Westerdam ឱ្យធ្វើដំណើរទៅប្រទេសកំណើតរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព ហើយសម្តេចក៏ប្រកាសរង់ចាំស្វាគមន៍ជានិច្ចគ្រប់ពេលវេលា បើពួកគេមកកម្ពុជាម្តងទៀត។

តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ បានឲ្យដឹងបន្ថែមថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកដំណើរ ២៣៣រូបចុងក្រោយ ដែលក្នុងនោះមាន២០នាក់ជានាវឹក និងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍ ២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន ១០គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះ មកកាន់រាជធានីភ្នំពេញ ដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ តាមជើងហោះហើរពីរាជធានីភ្នំពេញ។

គ្រប់អ្នកដំណើរទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កំដៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញ របស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់ កប៉ាល់ទាំងអស់ ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំ ការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ នៅឯប្រទេសកំណើតរបស់ខ្លួន។ កិច្ចការនេះប្រសិនបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរលើនាវាទាំងអស់នោះ រសាត់អណ្តែតទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតកប៉ាល់ក៏ជិតអស់ប្រេង! កម្ពុជាក្រនឹងតូចមែនពិត តែបេះដូងកម្ពុជា គឺធំទូលាយប្រកបដោយក្តីស្រឡាញ់ និងសណ្តោសប្រណី»

សម្តេចបន្តថា «សូមជូនពរបងប្អូនអ្នកទេសចរទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយកម្ពុជានៅរង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច»៕