(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី យិច ឈាណាវី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាតិជប៉ុនម្នាក់ឈ្មោះ NONAKA SHUNICHI ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។

ក្រោមបទចោទប្រកាន់ករណី រក្សាទុក ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារជាតិញៀន តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈនេះ។

លោកឧត្តមសេនីយឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News បានដឹងថា ជនសង្ស័យជនជាតិជប៉ុនឈ្មោះ NONAKA SHUNICHI ដែលត្រូវសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម បានបញ្ជូនខ្លួនរួមជាមួយវត្ថុតាង (ថ្នាំញៀន) មកដល់តុលាការហើយ។

ការឃាត់ខ្លួនបុរសជាតិជប៉ុនរូបនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទ NONAKA SHUNICHI អាយុ ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើង យន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។

ជាលទ្ធផល នៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម៕