(ភ្នំពេញ)៖ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោកស្រី Liurka Rodrœguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា នាឱកាសដែលលោកស្រីទើបចូលកាន់ដំណែង។

ក្នុងជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី Liurka Rodrœguez Barrios ដែលត្រូវបានរដ្ឋាភិបាលគុយបា តែងតាំងជាឯកអគ្គរដ្ឋទូតគុយបាថ្មី ប្រចាំកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនកម្ពុជា ក្នុងគ្រាដែលប្រទេសកម្ពុជា ជួបការលំបាកបន្ទាប់ពីត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ កាលពីក្នុងអំឡុងទសវត្សទី៨០។

លោកបន្ដថា កាលនោះ, ថ្វីបើគុយបា ជាប្រទេសកំពុងអភិវឌ្ឍន៍ តែគុយបាមានចិត្តសប្បុរស និងបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងសុខាភិបាល។ មកដល់បច្ចុប្បន្នទំនាក់ទំនងការទូតផ្លូវការនៃប្រទេសទាំងពីរ កម្ពុជា និងគុយបា មានរយៈពេល៦០ឆ្នាំហើយ ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

នៅក្នុងឱកាសនោះដែរ លោកស្រី Liurka Rodrœguez Barrios បានលើកឡើងថា បន្ទាប់ពីបានបំពេញការងារមួយរយៈនៅកម្ពុជា លោកស្រី បានមើលឃើញ ពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជា និងសូមវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលវែង និងការរីកចំរើនលើគ្រប់វិស័យ។

លោកស្រីឯកអគ្គរដ្ឋទូតគុយបា មានសុទិដ្ឋិនិយម ចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា និងយល់ឃើញថា ប្រទេសទាំងពីរមានសក្តានុពល ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ, ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រដ្ឋាភិបាលគុយបា នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើវិស័យអប់រំ និងសុខាភិបាល។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូតគុយបាថា ថ្វីបើកម្ពុជា និងគុយបានៅឆ្ងាយពីគ្នា តែប្រទេសទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធ និងមានទឹកចិត្តមនុស្សធម៌ដូចគ្នា។

លោកថា ផ្អែកតាមមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា និងគុយបា មានកាលានុវត្តភាពក្នុង ការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីតំបន់ និងអន្តរជាតិ ហើយនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានជូនពរសូមឲ្យលោកស្រី Liurka Rodrœguez Barrios បំពេញបេសកកម្មការទូត នៅកម្ពុជា ប្រកបដោយជោគជ័យ៕