(វៀតណាម)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំកិច្ចរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-អូស្រ្តាលី ក្រៅផ្លូវការនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស បានវាយតំម្លៃខ្ពស់ ចំពោះកម្ពុជា ក្នុងសកម្មភាពអាស៊ាន ជាពិសេសក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា ឆ្នាំនេះជាខួប ១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដែលមានរដ្ឋមន្ត្រីការពារជាតិចំនួន ១៨ប្រទេស បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស បានបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន នៅចុងឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាម មានគម្រោងរៀបចំការតាំងពិព័ណ៌ការពារជាតិ ជាលើកដំបូង នៅប្រទេសវៀតណាម ដើម្បីបង្ហាញជូនទស្សនានូវឧបករណ៍ សម្ភារការពារជាតិរបស់វៀតណាម។

រដ្ឋមន្ត្រីការពារជាតិវៀតណាម បានបញ្ជាក់បន្ថែមថា វៀតណាមសន្យាគាំទ្របណ្តាគំនិតផ្តួចផ្តើមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូករបស់កម្ពុជា ជាពិសេសគំនិតផ្តួចផ្តើមអំពីមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន។

ឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមថ្មីៗ មួយចំនួនរបស់វៀតណាម និងបានសំដែងការអបអរសាទរ គាំទ្រចំពោះការប្រារព្ធខួប១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នាពេលខាងមុខ។

នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស ក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណា ឱ្យបណ្តាប្រទេសអាស៊ាន មានការឯកភាពជាមួយគ្នា៕