(ភ្នំពេញ)៖ ជនជាតិជប៉ុនចំនួន៤នាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា ហើយត្រូវក្រសួងសុខាភិបាល ពិនិត្យឃើញអវិជ្ជមានវីរុសកូរ៉ូណាថ្មីនៅកម្ពុជានោះ ត្រូវបានមន្រ្តីជំនាញជប៉ុនពិនិត្យបន្តទៀត ក្រោយពេលហោះហើរទៅដល់អាកាសយានដ្ឋានណារីតា នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាមការជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្ញើទៅកាន់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យម្តងទៀតលើអ្នកដំណើរជនជាតិជប៉ុនទាំង៤នាក់នោះ គឺលទ្ធផលនៅតែបង្ហាញអវិជ្ជមានដដែល។

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏បានចេញសេចក្តីប្រកាសថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ ហើយពេលនេះភាគីពាក់ព័ន្ធកំពុងសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា។

បើតាមក្រសួងសុខាភិបាល ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់នេះ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ ហើយគិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចដញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ដែលបានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕