(ភ្នំពេញ)៖ លោក Matteo Ortenzi នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ដ Lamborghini ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញពីសក្ដានុពល ក្នុងការនាំចូល និងចែកចាយរថយន្ដម៉ាក Lamborghini នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ ខណៈឆ្នាំមុនរថយន្ត Lamborghini បានលក់ដាច់អស់ជាច្រើនគ្រឿងនៅទូទាំងពិភពលោក។

លោក Matteo Ortenzi ថ្លែងឲ្យដឹងថា ទីផ្សាររថយន្តទំនើបនៅកម្ពុជា នៅមិនទាន់មានការរីកចម្រើនខ្លាំងប៉ុន្មានឡើយ ប៉ុន្តែយើងសង្កេតឃើញពី ភាពផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុងការប្រើប្រាស់រថយន្ដ។ ក្នុងនោះឃើញថា មានអតិថិជនជាច្រើនចង់ក្លាយជាម្ចាស់ជិះរថយន្តទំនើប Lamborghini ដូច្នេះក្រុមហ៊ុនបានផ្ដោតគោលដៅសំខាន់ ក្នុងរយៈពេល៥ឆ្នាំខាងមុខដោយដាក់ផែនការ អភិវឌ្ឍវិស័យរថយន្តទំនើបនៅកម្ពុជាឲ្យកាន់តែផុសផុល។

លោកបានបន្ដថា ជាការពិតណាស់រថយន្ដ Lamborghini បានបង្កើតកំណត់ត្រាលក់ក្នុងឆ្នាំ២០១៩ ដោយលក់ដាច់អស់រហូតដល់៨,២០៥គ្រឿង។ ក្នុងនោះម៉ូឌែល Urus ដែលជាម៉ូឌែលទី៣ ដែលជំរុញកំណើននៃការលក់។

លោកបានបន្ដថា ម៉ូឌែល Urus ជារថយន្តដែលលក់ដាច់ច្រើនជាងគេក្នុងឆ្នាំ២០១៩។ Urus កំពុងបង្កើតទីផ្សារពិសេសរបស់ខ្លួន ដោយឡែកនៅក្នុងប្រទេសកម្ពុជា រថយន្តទំនើបប្រភេទ SUV ក៏បានកំពុងរួមចំណែកជាច្រើននៃការលក់ផងដែរ។

លោក Matteo Ortenzi បានបញ្ជាក់ថា រថយន្ដ Lamborghini ល្បីល្បាញខ្លាំងទៅលើ រូបរាងដ៏ស្រស់ស្អាត ហើយក្រៅអំពីរូបរាងនេះ ក៏មានលក្ខណៈពិសេសជាច្រើនផងដែរ។
Lamborghini តែងតែនាំយកនូវការរចនាបែបអនាគត និងបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ និងស៊ីវីល័យជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ព្រមទាំងភាពប្រណីតប្លែកពីគេ។

លោកបានបន្ដថា កាលពីឆ្នាំ២០១៩ Lamborghini មានការវិវត្តខ្លាំងទៅលើផ្នែកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ហើយក្រុមហ៊ុននឹងបន្តអភិវឌ្ឍបន្ថែមទៀត លើចំណុចទាំងនេះ ដោយក្នុងនោះបានយកប្រភេទរថយន្តអេឡិកត្រូនិក ជានិន្នាការសម្រាប់ពេលបច្ចុប្បន្ន។

លោកបន្ថែមថា ក្រុមហ៊ុនបានផ្សព្វផ្សាយ លើបណ្តាញសង្គម Instagram ដើម្បីឲ្យអតិថិជនស្គាល់ពីរថយន្ដ Lamborghini ហើយការផ្សព្វផ្សាយតាមប្រព័ន្ធ Instagram ធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យយ៉ាងខ្លាំង។

លោកបានបន្ថែមថា ទីផ្សាររថយន្ត Lamborghini នៅកម្ពុជាប្រមាណ៦ខែមកនេះ ក្រុមហ៊ុនបានសហការជាមួយដៃគូរ គឺក្រុមហ៊ុន HGB នៅដើមឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រជាច្រើន ពីសំណាក់អតិថិជនហើយអតិថិជនបានដឹង និងស្គាល់អំពីម៉ាកនៃរថយន្ដសេរីទំនើប Lamborghini ដូច្នេះអាចនិយាយបានថា កំឡុងពេលប្រមាណ៦ខែនេះ ដំណើរការទៅបានដោយរលូន។

លោកបានបន្ថែមថា កម្ពុជាជាប្រទេសមានទីផ្សារថ្មី និងកំពុងលេចធ្លោសម្រាប់ក្រុមហ៊ុនរថយន្ត Lamborghini។ ក្នុងនោះក្រុមហ៊ុនបានបង្កើតទិសដៅថ្មី និងបង្ហាញវត្តមានលើទីផ្សារ ក្នុងពេលវេលាដ៏សមស្រប និងបង្កើនទំនាក់ទំនងជាមួយអតិថិជននៅកម្ពុជា៕