(កំពង់ឆ្នាំង)៖ បន្ទាប់ពីរដូវធ្វើត្រីឆ្អើរ ប្រជាពលរដ្ឋក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាច្រើនគ្រួសារបាននាំគ្នា ប្រមូលផលផ្លែម្ទេសប្លោកពីចំការមកធ្វើម្ទេស ប្លោកក្រៀមលក់ ដែលជាមុខរបរបន្ទាប់បន្សំតាមរដូវកាល នៃដំណាំដាំដុះនៅក្នុងមូលដ្ឋានរបស់ពួកគាត់គឺរួមចំណែក ជួយផ្គត់ផ្គង់ជីវភាពគ្រួសារពួកគាត់ ពិសេសដោះស្រាយទៅ តាមតម្រូវការផ្សេងៗក្នុងគ្រួសារ បានមួយចំណែកធំផងដែរ។

បើតាមស្រ្តីម្នាក់កំពុងតំរៀបផ្លែម្ទេសប្លោកហាល មានឈ្មោះ គឹម ប៊ុណ្ណា អាយុ៤៣ឆ្នាំ បានរៀបរាប់ឱ្យអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា ក្រុមគ្រួសារគាត់ បានប្រកបមុខរបរធ្វើម្ទេសឆ្អើរតាមរដូវកាល ជារៀងរាល់ឆ្នាំមកដល់ថ្ងៃនេះ ការប្រមូលផលផ្លែម្ទេសប្លោក ជាដំណាក់កាលទី១នៅឡើយ។

លោកស្រីថា កាលពីដើមរដូវផ្លែម្ទេសប្លោកមានតម្លៃថ្លៃ គឺគាត់បានទិញក្នុង១គីឡូ ៥០០០រៀល ពេលយកមកធ្វើជាម្ទេសឆ្អើរលក់បោះដុំ បានក្នុង១គីឡូក្រាមតម្លជាង៣០,០០០រៀល។ ក្នុងដំណាក់កាលទី២ កណ្តាលរដូវនេះ គាត់បានទិញផ្លែម្ទេសប្លោកក្នុង១ គីឡូថ្លៃ២,០០០រៀល ពេលធ្វើបានជាម្ទេសឆ្អើរក្រៀមហើយ យកទៅលក់បោះដុំឱ្យម៉ូយនៅផ្សារលើ បានថ្លៃតែជាង២០,០០០រៀលប៉ុណ្ណោះ ចំណែកម៉ូយគេយកទៅលក់បោះដុំបន្តទៀតនៅក្រុងភ្នំពេញ បានថ្លៃជាង ៣០,០០០រៀល ក្នុង១គីឡូក្រាម។

មុខរបរធ្វើម្ទេសឆ្អើរក្រៀមលក់នេះ ត្រូវចំណាយជួលអ្នកស្រុកក្នុងភូមិទាំងក្មេង ទាំងចាស់ ជួយវះផ្លែម្ទេសប្លោកជាពីរ ដែលតម្លៃឈ្នួល ក្នុង១០០គីឡូក្រាម ថ្លៃ១០,០០០រៀល តម្លៃជួល តំរៀប ផ្លែ ម្ទេសប្លោកដាក់លើថែបហាលថ្ងៃ ក្នុង១ ថែបៗថ្លៃ៨០០រៀលទៀត ហើយអ្នកស្រុកក្នុងភូមិ អាចរកប្រាក់ចំណូល ពីការវះផ្លែម្ទេសនេះ ក្នុង១ថ្ងៃៗបានពី ១៥,០០០រៀល ទៅ ២០,០០០រៀល ផងដែរ។ នៅក្នុងពាក់ កណ្តាលរដូវនេះ ក្នុង១ថ្ងៃ គាត់អាចទិញផ្លែម្ទេសប្លោក បានចំនួន១០០០ ទៅ១២០០គីឡូក្រាម ដើម្បីយកមកធ្វើម្ទេសឆ្អើរក្រៀមលក់បន្ត។

ស្រី្តឈ្មោះ គឹម ប៊ុណ្ណា បានរៀបរាប់អំពីរបៀបធ្វើម្ទេសឆ្អើរក្រៀមថា ដំបូងគេត្រូវយកផ្លែម្ទេសមកវះបំបែកជាពីរហើយត្រូវយកទៅស្រុះទឹកក្តៅ នៅក្នុងទឹកក្តៅនោះគេត្រូវដាក់អំបិលបន្តិច ដើម្បីឱ្យផ្លែម្ទេសស្វិតល្អ និងអាចទុកបានយូរ។ បន្ទាប់មកគេត្រូវយកផ្លែម្ទេសស្រុះនោះ ទៅតំរៀបលើថែបហាលថ្ងៃជាច្រើនថ្ងៃ ហាលទាល់តែក្រៀមល្អ ទើបយកមកច្រកការ៉ុងទុកលក់។

មុខរបរនេះគឺធ្វើបានតែក្នុងរដូវកាល នៃដំណាំក្នុងការដាំដុះតែប៉ុណ្ណោះ ហើយមុខរបរនេះ ក៏អាចរកប្រាក់ចំណូលបានមួយចំនួនដែរ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារមិនតែប៉ុណ្ណោះ ក៏អាចឱ្យអ្នកស្រុកក្នុងភូមិមានការងារធ្វើ និងរកបានប្រាក់ចំណូលប្រចាំថ្ងៃទាំងក្មេង ទាំងចាស់ទៀតផង៕