(ភ្នំពេញ)៖ ដោយសារតែការរីកចម្រើនបច្ចេកវិទ្យាថ្មីៗយ៉ាងឆាប់រហ័ស ដែលបានលេចឡើងនូវបដិវត្តឧស្សាហកម្ម ៤.០ កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់បប្រភេទ ពិសេសកំពុងជះឥទ្ធិពលលើកម្លាំងពលកម្មនៅកម្ពុជា ដែលភាគច្រើនជាកម្មករគ្មានជំនាញ ឬមានជំនាញតិចតួច។

នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅបន្តនៅឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សន្តិសុខសកល ការកើតចលាចលនៅក្នុងប្រទេសមួយចំនួន ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ពិសេសការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណាប្រភេទថ្មី ដែលបង្កដោយមេរោគកូវីដ ១៩ (Covid 19) និងការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបជាដើមនោះ បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចបកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ។

លោករដ្ឋមន្ត្រីបានបន្តថា «ទន្ទឹមនឹងការរីកចម្រើនបច្ចេកវិទ្យាថ្មីៗយ៉ាងឆាប់រហ័ស ដែលបានលេចឡើងនូវបដិវត្តឧស្សាហកម្ម ៤.០ កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំង នូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់បប្រភេទ»

បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង នៅកម្ពុជាបច្ចុប្បន្ននេះ ក៏កំពុងទទួរងនូវឥទ្ធិពលនៃការផ្លាស់ប្ដូរគ្រប់ផ្នែកបណ្ដាលមកពីបដិវត្តឧស្សាហកម្មនេះដែរ ដូចជា សេវាដឹកជញ្ជូន និងធ្វើដំណើរ សេវាកម្មធនាគារ និងហិរញ្ញវត្ថុ ការទិញលក់ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រឈមនឹងបរិបទនេះ ការលើកកម្ពស់ជំនាញ សមត្ថភាព និងផលិតភាព និងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាប័ន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ។

ស្ថិតក្នុងបរិបទដែលវិស័យឯកជនកាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា ក្រសួងការងារបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាថាវិស័យឯកជននៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង អាចរក្សាបានដំណើរការផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។

សូមជម្រាបថា នៅឆ្នាំ២០១៩ កន្លងទៅ ក្រសួងការងារបានអនុវត្តការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានសិស្ស និស្សិតកំពុងបណ្ដុះបណ្ដាលសរុបចំនួន ៦២,៣៤៨នាក់ បានបណ្ដុះបណ្ដាលវគ្គខ្លីបានចំនួន ៤៦,៦១៨នាក់ និងបានហ្វឹកហ្វឺនកូនជាងបានចំនួន ២៥,៨៣៥នាក់៕